2023-10-18 04:10
276

ភ្នំពេញ៖ ឃាតករដៃឆៅសម្លាប់នារីជាអតីតសង្សា រួចរត់គេចអស់រយៈពេល ៣ថ្ងៃកន្លងទៅ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការនគរបាលខេត្តស្វាយរៀងស្រាវជ្រាវឃាត់ខ្លួនបានហើយ។
 
ប្រតិបត្តិការតាមចាប់ឃាតករដែលសម្លាប់អតីតសង្សាសមត្ថកិច្ចប្រើរយៈ៣ថ្ងៃក្រោយថ្ងៃកើតហេតុ គិតរហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះ ដោយសមត្ថកិច្ចតាមចាប់ជនសង្ស័យបាន នៅត្រង់ចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៣០នាទី មានករណីឃាតកម្មមួយបានកើតឡើងបង្កដោយជនល្មើសជាអតីតសង្សាបានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់សម្លាប់ស្រ្តីរងគ្រោះ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ស្ថិតនៅក្នុងផ្ទះ លេខ១២៩ ផ្លូវE នៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរ់គេចខ្លួនបាត់។ 

ប្រភពបានឲ្យដឹងទៀតថា ស្រ្តីរងគ្រោះមានឈ្មោះ ហុង អាយុ ៣២ឆ្នាំ មុខរបរ បម្រើការងារតាមផ្ទះ សព្វថ្ងៃស្នាក់នៅកន្លែងធ្វើការភូមិ-សង្កាត់កើតហេតុមានស្រុកកំណើតនៅ ភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ចំណែកជនសង្ស័យមានឈ្មោះ លឿង ផល្លី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។ 

តាមប្រភពបានឲ្យដឹងទៀតថា ស្រ្តីរងគ្រោះមានកូនចំនួន ០៣នាក់រស់នៅជាមួយជីដូននៅស្រុកកំណើតខេត្តក្រចេះ និងធ្លាប់មានប្តី២នាក់ គឺប្ដីទី១មានកូនម្នាក់, ប្ដីទី២មានកូន ០២នាក់ និងក្រោយមកមានទំនាក់ទំនងស្នេហាជាមួយបុរសជាឃាតករស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ប៉ុន្តែដោយភាពរកាំរកូសមិនចុះសម្រុងនឹងគ្នាក៏បែកគ្នា ហើយភាគីខាងប្រុសអឌិតសង្សាបានព្យាយាមសុំត្រូវរ៉ូវគ្នាវិញតែខាងស្រីមិនព្រម ទើបជនដៃដល់បានចូលទៅកាប់សម្លាប់ជាច្រើនកាំបិតលើអតីតសង្សារដល់ក្នុងផ្ទះកាលយប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បណ្តាលឲ្យស្លាប់តែម្តង។ 

សូមបញ្ជាក់ថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឈានដល់កំណត់បានទីតាំងឃាតករលាក់ខ្លួនរហូតចុះប្រតិបត្តិការចាប់បាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។ 

បច្ចុប្បន្នជន សង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យទៅអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធី៕