2024-02-07 03:02
75

នៅសាលាខេត្តរតនគិរី នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុក របស់គណៈកម្មការដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម សរ ចំរុង បានលើកឡើងអំពីតួនាទីភារកិច្ចរបស់ រដ្ឋសភា និងតួនាទីភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា និងតួនាទីភារកិច្ចរបស់រដ្ឋសភាមានភារកិច្ចសំខាន់ៗ៣គឺ ១-ការងារអនុម័តច្បាប់ ២-ការងារតាមដានការអនុវត្តច្បាប់ និង៣-ការងារភាពជាអ្នកតំណាង។ ឯកឧត្តមបានបន្តថា ចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ នៃរដ្ឋសភា ១-រដ្ឋសភាបានអនុម័តច្បាប់ចំនួន ៦៥៤ច្បាប់ ។ ២-ភារកិច្ចក្នុងការងារតាមដានការអនុវត្តច្បាប់ តាមដានត្រួតពិនិត្យការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មានសិទ្ធិដាក់សំនួរទៅរាជរដ្ឋាភិបាល គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រី មកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។ ៣-ភារកិច្ចក្នុងការងារភាពជាអ្នកតំណាង សមាជិករដ្ឋសភា ឬអ្នកតំណាងរាស្ត្រ ជាតំណាងប្រជាជាតិខ្មែរទាំងមូល។ ក្នុងករណី បើមាន ការរំលោភបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ អ្នកតំណាងរាស្ត្រមានសិទ្ធិជួយស្វែងរកនូវដំណោះស្រាយជូនពួកគាត់ តាមរយៈយន្តការផ្សេងៗ ជាពិសេសបើមានបណ្ដឹងកើតឡើងត្រូវពិនិត្យ និងជួយអន្តរាគមន៍ទៅក្រសួង-ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធដើម្បីពិនិត្យជាសមត្ថកិច្ចជូនប្រជាពលរដ្ឋ ក្នុងការការពារ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។ សមាជិករដ្ឋសភា ឬអ្នកតំណាងរាស្ត្រតំណាងឱ្យរដ្ឋសភាកម្ពុជា ក្នុងការទំនាក់ទំនង និងសហ ប្រតិបត្តិការតំបន់ និងអន្តរជាតិ ទ្វេភាគី និងពហុភាគី តាមការសម្រេចតែងតាំងពីប្រធានរដ្ឋសភា។

ឯកឧត្តមបានមានប្រសាសន៍ទៀតថាក្នុងឆ្នាំ២០២៣ នៃអាណត្តិទី៧ គណៈកម្មការបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ -ពាក្យបណ្តឹងចំនួន ១១២រឿង -អន្តរាគមន៍ពាក្យបណ្តឹងចំនួន ៤៥រឿង -តម្កល់ទុកឥចាត់ការចំនួន ៤រឿង -បណ្តឹងកំពុងពិនិត្យបន្តចំនួន ៦៣រឿង (បន្តយកមកពិនិត្យក្នុងឆ្នាំ២០២៤)
-លិខិតឆ្លើយតបពីក្រសួងស្ថាប័នពាក់ព័ន្ធបានចំនួន ១៤លិខិត។ ក្នុងអាណត្តិទី៦ នៃរដ្ឋសភា គណៈកម្មការបានចុះបំពេញបេសកកម្ម ដើម្បីពិនិត្យសិក្សាស្វែងយល់ និងតាមដានការអនុវត្តច្បាប់របស់អាជ្ញាធរថ្នាក់ក្រោមជាតិចំនួន ៨លើក នៅតាមបណ្តាខេត្តចំនួន ២៤ខេត្ត ។ ឯកឧត្តមបានបន្តថាក្នុងអាណត្តិទី៧ នៃរដ្ឋសភា គណៈកម្មការ នឹងជួបពិភាក្សារការងារជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួង អធិការកិច្ច នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

ឯកឧត្តម ញ៉ែម សំអឿន បានជម្រាបជូនគណ:ប្រតិភូថា  បច្ចុប្បន្នខេត្តរតនគិរីមានតំបន់រមណីយដ្ឋានសរុប ១៤កន្លែង ក្នុងនោះតំបន់រមណីយដ្ឋានអេកូទេសចរណ៍ មាន១២កន្លែង និងរមណីយដ្ឋានវប្បធម៌ មាន០២កន្លែង។ មានសណ្ឋាគារ១៤កន្លែង និងផ្ទះសំណាក់ ៣៦កន្លែង។ បច្ចុប្បន្ននេះមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បាននឹងកំពុង យកចិត្តទុកដាក់អនុវត្តបំពេញភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់សេវាក្នុងការចុះបញ្ជីដីធ្លី ជាលក្ខណៈ ប្រព័ន្ធការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច នៅតាមសហគមន៍នានាក្នុងខេត្ត ការចុះបញ្ជីដី ដាច់ដោយដុំ ព្រមទាំងការការចុះបញ្ជីដីរដ្ឋ ដែលរដ្ឋាភិបាលបានផ្ដល់សិទ្ធិជូនក្រុមហ៊ុនវិនិយោគ ឯកជន ក្នុងស្រុក និងក្រុមហ៊ុនបរទេស សម្រាប់ដាំដុះដំណាំកសិកម្ម កសិ-ឧស្សហកម្ម។ ឯកឧត្តមបានបន្តថាមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមានចំនួន ២៧ក្រុមហ៊ុន ដែលបាននឹងកំពុងដំណើរការ អាជីវកម្មរបស់ខ្លួនចំនួន៨៣.៧៨៥ហិកតា នៅលើផ្ទៃដីវិនិយោគសរុប ១៨៦.៨៩៦ ហិកតា ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ គ្រួសារដែលមានអគ្គីសនីប្រើប្រាស់ទូទាំងខេត្តមានចំនួន ២៥.៤៧០ ខ្នងផ្ទះ ស្មើនឹង ៥៤.៨២% ធៀបនឹងឆ្នាំ២០២២ កើន ៣,១៤% ក្នុងនោះបណ្តាញអគ្គីសនីបានចូល ដល់ភូមិចំនួន ២៣១ភូមិ នៃ ២៤៣ភូមិ ស្មើនឹង ៩៥,០៦%។ ក្នុងឆ្នាំនេះ អង្គភាពច្រកចេញចូលតែមួយ បានផ្តល់សេវាសរុបចំនួន ៧.៨៤០សេវា ដែលត្រូវជា ១២វិស័យក្នុងចំណោមសេវាទាំង ១៤វិស័យ ទទួលកម្រៃសេវា សរុបចំនួន ១.០៧១លានរៀល ធៀបនឹងឆ្នាំ២០២២ ថយចុះ២៤,១៤%។

ឯកឧត្តមបានលើកឡើងអំពីបញ្ហាប្រឈមនានា នៅក្នុងការអនុវត្តជាក់ស្តែង រដ្ឋបាលខេត្ត ក៏ជួបការលំបាកមួយចំនួន ដែលត្រូវបន្ត រ៉ាប់រងចាត់ចែងដោះស្រាយ ដូចជា ការខ្វះខាតធនធានមន្ត្រីដែលមានសមត្ថភាព និងមានជំនាញ បច្ចេកទេស កង្វះខាតមធ្យោបាយសម្ភារៈ ដើម្បីបម្រើឲ្យការអនុវត្តសកម្មភាពនៅតាម មន្ទីរអង្គភាព ការគ្រប់គ្រង និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បញ្ហាទំនាស់ដីធ្លី បញ្ហាតម្លៃកសិ នៅកម្រិតទាប ដូចជា តម្លៃកៅស៊ូ ម្រេច និងស្វាយចន្ទី...។ល។ ម៉្យាងវិញទៀត បញ្ហាទំនាស់ដីធ្លីក៏នៅតែជាបញ្ហាស្មុគ្រស្មាញ។