2024-03-11 01:03
82

កំពង់ធំ : នៅព្រឹកថ្ងៃទី១១ខែមីនា ឆ្នាំ ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីព្រមទាំងព្រះគ្រូចៅអធិការនិងគណៈកម្មការអាចារ្យវត្ត"ករណីដើម " បាននិមន្ត និងអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ និងការដាក់បំពាក់សូឡាបំភ្លឺ "វិថីអនុគណតូចអ៊ុល " ស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឆ្លៀតនៅក្នុងឪកាសនោះលោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ សូមបន្តជួយថែរក្សាផ្លូវនេះឲ្យបានស្អាត ប្រកបដោយសោភ័ណភាព ជាពិសេសថែរក្សាប្រព័ន្ធបង្ហូរទឹកនៅអមសងខាងផ្លូវកុំឱ្យមានការកកស្ទះឬមានក្លិនមិនល្អ ដែលជាការរំខាននិងនាំឲ្យ ខូចគុណភាពផ្លូវផងដែរ ហើយអាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវមើលការថែទាំវិថីនេះ ជាពិសេសការថែទាំផ្កា និងសួនច្បារ ព្រមទាំង សូឡា ឲ្យបានជាប់ជាប្រចាំផងដែរ ។

ជាមួយនេះ លោកអភិបាលស្រុកក៏បានណែនាំដល់ លោក ថេង ណាល់ ដែលជាអ្នកផ្គត់ផ្គង់និងម៉ៅការបំពាក់សូឡា សូមបំពាក់សូឡាប្រកបដោយគុណភាព តាមបទដ្ឋានបច្ចេកទេសកិច្ចសន្យា ជាពិសេសគឺការថែទាំជាប្រចាំដើម្បីធានានូវគុណភាពនិងការបំភ្លឺបានល្អនិងយូអង្វែង។

គួរបញ្ជាក់ផងដែរថាវិថីអនុគណតូចអ៊ុល ជាវិថីភ្លោះ ធ្វើពីបេតុង មានទទឹង ៩ម៉ែត្រ និងមានប្រវែង ៤៥០ ម៉ែត្រ ហើយត្រូវបំពាក់សូឡាភ្លោះចំនួន ២១ដើមដែលត្រូវសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។