2024-04-04 01:04
50

កំពង់ចាម៖ ក្រុមអាជីវករលក់-ដូរនៅផ្សារ «ស្ពឺ» ស្ថិតក្នុងឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម នាំគ្នាផ្អើលឆោឡោជ្រួលច្របលពេញផ្សារបន្ទាប់អត់ឃើញស្រីស្អាតជាមេតុងទីន និងប្តីរយៈពេលប៉ុន្មានថ្ងៃនេះ និងចោទប្រកាន់ថា បានប្រមូលលុយពីកូនតុងទីនប្រមាណ ៥០លានដុល្លារ រួចរត់គេចខ្លួនបាត់ស្រម៉ោល។ 

ភាពជ្រួលច្របលកូនតុងទីនពេញផ្សារ «ស្ពឺ» នេះ បានកើតឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ ដោយចោទប្រកាន់ស្ត្រីឈ្មោះ សាន សុវណ្ណាលីស អាយុ ៣១ឆ្នាំ ជាមេតុងទិន និងប្ដីបានបិទតូបអត់លក់-ដូរដោយវេចលុយប្រមូលបានពីកូនតុងទីនខ្ទង់ ៥០លានដុល្លាររត់បាត់។

ក្រុមអាជីវករផ្សារស្ពឺ បានឲ្យដឹងថា ស្ត្រីមេតុងជាអ្នកលក់-ដូរផ្សារដូចគ្នា បានប្រមូលគ្នាលេងតុងទីនរាប់រាយនាក់ អ្នកខ្លះតាមប្រព័ន្ធអនឡាញ និងតាមគណនីធនាគារ ក្នុងមួយក្បាលចាប់ ២០ដុល្លាររហូតរាប់ពាន់ដុល្លារក៏មានដែរ។ ពួកគាត់បន្តទៀតថា ស្ត្រីឈ្មោះ សាន សុវណ្ណាលីស តាមពូកគាត់ដឹងមានអាស័យដ្ឋាន នៅបុរីឈូកវ៉ា២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងផ្តូរកន្លែងរស់នៅជាញឹកញាប់ផងដែរ ។ ចំណែកផ្ទះសព្វថ្ងៃនៅជិតផ្សារស្ពឺ គឺជាផ្ទះរបស់ឪពុកម្ដាយបង្កើត។

ក្រុមអាជីវករដែលលង់ខ្លួនចាញ់បោកកូនតុងទីន បានបញ្ជាក់ថា ចំពោះគោលការណ៍ តុងទីនក្បាល ២០ដុល្លារ មានរហូតដល់ ១៥ចំណុច។ ចំពោះដំណឹងបាតខ្លួនស្រីស្អាតជាមេតុងទីន និងប្ដីចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយឮថាចេញទៅ ឆេង ម៉េង ហើយក៏ស្ងាត់អត់ឃើញមកបើកតូបលក់-ដូរវិញ ទើបនាំគ្នាផ្អើលឆោឡោជ្រួលជ្រើមពេញផ្សារ «ស្ពឺ» រកស៊ីលក់-ដូរលេងកើតព្រោះម្នាក់ៗបានបង់លុយតុងទីន មិនតិចជាង ២ ០០០ដុល្លារឡើង និងមានកូនខ្លះលេងធំដល់ដល់រាប់សែនដុល្លារ ហើយកូនតុងទីនមានចន្លេះ៤០០ទៅ៥០០នាក់ឯណោះ។

ក្រោយមានភាពជ្រួលច្របលក្នុងផ្សារស្ពឺ របស់អាជីវករលក-ដូរចាញ់បោកមេតុងទីន សមត្ថកិច្ចហៅមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ ដើម្បីទាមទាលុយដែលបង់មកវិញ និងសូមឱ្យចាត់ការមេតុងទីននេះតាមច្បាប់ ។

គិតត្រឹមម៉ោងជាង ៣រសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះ អាជីវករដែលចាញ់បោកមេតុងទីនបានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ មានចំនួន ៥០នាក់។ ចំណែកទឹកប្រាក់ដែលថា មេតុងទីនវេចយកទៅបាត់ប្រមាណ ៥០លានដុល្លារនោះ អាចមិនមានចំនួនច្រើនបែបនេះទេ។

បច្ចុប្បន្ននគរបាលស្រុកកំពុងសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌខេត្តកំពង់ចាម បានបើកស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីស្វែងរកការពិត និងរកយុត្តិធម៌ជូនភាគីរងគ្រោះ៕