2024-01-17 03:01
116

ស្ទឹងត្រែង៖ ក្រុមហ៊ុន សុធារាជ ឃិនស្ត្រាក់សិន ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចដាក់ក្នុងបញ្ជីខ្មៅមិនឲ្យទទួលសិទ្ធិលើការដាក់ពាក្យដេញថ្លៃគម្រោងផ្លូវ ស្ពាន ឃុំ-សង្កាត់បន្តទៀតទេ ដោយសារមានការឃុបឃិតគ្នាជាមួយមន្ត្រីបច្ចេកទេសបំប៉ោងគម្រោងយកលុយអស់រាប់លានរៀល។    
 
យោងតាមលិខិតរបស់រដ្ឋបាលខេត្តស្ទឹងត្រែងបញ្ជាក់ថាៈ ក្រុមហ៊ុន សុធីរាជ ឃិនស្ត្រាក់សិនដែលមានលោក ម៉ៅ អេង ជាប្រធានក្រុមហ៊ុនបានដាក់ឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមួយនេះ ដេញថ្លៃបានគម្រោងស្ថាបនាផ្លូវមួយខ្សែចម្ងាយ ១០គីឡូម៉ែត្រនៅឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងផ្លូវចាក់បេតុងមួយខ្សែនៅសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង សម្រាប់កញ្ចប់ថវិកាឆ្នាំ២០២៤ ដោយមានការឃុបឃិតជាមួយមន្ត្រីបច្ចេកទេស។     

សូមបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២៣ ក្រុមហ៊ុន សុធារាជ ឃិនស្ត្រាក់សិន ក៏ធ្លាប់ត្រូវបានក្រុមហ៊ុន ចំនួន ០៤បានដាក់ពាក្យបណ្ដឹងទៅរដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធមួយចំនួនប្តងដោយចោទប្រកាន់ថា បានឃុបឃិតគ្នាជាមួយមន្ត្រីបច្ចេកទេសបំប៉ោងគម្រោងដើម្បីយកលុយរាប់លានរៀល។
     
ក្រោយពីមានបាតុភាពបែបនេះរដ្ឋបាលខេត្តស្ទឹងត្រែងបានកែសម្រួលមន្ត្រីទាំងនោះ និងសម្រេចដាក់ក្រុមហ៊ុនមួយនេះឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅពុំមានសិទ្ធិដេញថ្លៃលើគម្រោងណាមួយតទៅទៀតនោះទេ។     

ប្រភពពីមន្ត្រីក្នុងការដាក់ឲ្យដេញថ្លៃបានបង្ហើបឲ្យដឹងថា ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន សុធីរាជ ឃិនស្ត្រាក់សិន ស្ថិតក្នុងបញ្ជីខ្មៅហើយ គម្រោងសាងសង់ផ្លូវជាង ១០គីឡូម៉ែត្រ នៅឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងផ្លូវចាក់បេតុង នៅសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ដែលជាកញ្ចប់ថវិការស្ថាបនាផ្លូវឆ្នាំ ២០២៤ អាចនឹងបន្តឲ្យអ្នកបន្ទាប់ដេញថ្លៃបាន ឬនឹងត្រូវរៀបចំគម្រោងដេញថ្លៃសារជាថ្មីទៀត៕

រដ្ឋបាលខេត្តស្ទឹងត្រែង បំភ្លឺជុំវិញករណីការចាត់វិធានការ លើភាពមិនប្រក្រតីនៃការអនុវត្តគម្រោង សាងសង់ផ្លូវនៅឃុំសេកុង និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្ដីបំភ្លឺ ស្ដីពីការចាត់វិធានការ លើភាពមិនប្រក្រតីនៃការអនុវត្តគម្រោង សាងសង់ផ្លូវនៅឃុំសេកុង និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ។

ការបំភ្លឺរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ធ្វើឡើងបន្ទាប់ពីបានទទួលព័ត៌មានពីភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំសេកុង និងឃុំស្រែសំបូរ ក្នុងស្រុកសៀមប៉ាង រួចមក រដ្ឋបាលខេត្តស្ទឹងត្រែង បានចាត់តាំងក្រុមការងារខេត្តចុះត្រួតពិនិត្យស្រាវជ្រាវករណីអនុវត្តគម្រោងសាងសង់ផ្លូវនៅឃុំសេកុង និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ដោយមានការចូលរួមពីក្រុមការងារនៃអគារធិការដ្ឋាន ក្រសួងមហាផ្ទៃ។ 

ជាលទ្ធផលឃើញថា ឃុំទាំងពីរមានកំហុសឆ្គងផ្នែកនីតិវិធីមួយចំនួនពាក់ព័ន្ធការបង្កើនតម្លៃឯកត្តានៃការបន្ថែមចំនួនលទ្ធផលកិច្ចសន្យាដែលឃុំ មិន បានអនុលោមទៅតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (PIM) ដើម្បីដោះស្រាយករណីនេះ រដ្ឋបាលខេត្តបានជូនដំណឹងទៅរតនាគារខេត្តដើម្បីបង្កកសាច់ប្រាក់មិនឱ្យទូទាត់សម្រាប់លទ្ធផលនៃការអនុវត្តកិច្ចសន្យា គម្រោងនៅក្នុងឃុំទាំងពីរឡើយ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញផ្នែកនីតិវិធីបច្ចេកទេស។ ទន្ទឹមនេះ រដ្ឋបាលខេត្ត បានចេញ លិខិតលេខ៣១៨/២៣ ស.ជ.ណ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយតម្រូវឱ្យរដ្ឋបាលឃុំទាំងពីរខាងលើ ធ្វើការក តម្រូវកិច្ចសន្យានៃការអនុវត្តគម្រោងរបស់ខ្លួនឱ្យស្របតាមនីតិវិធីដេញថ្លៃដូចមានក្នុងសៀវភៅPIM គឺត្រូវយកតម្លៃឯកត្តាដែល ដេញថ្លៃឈ្នះរបស់ក្រុមហ៊ុនសុធីរាជឃិនស្ត្រាក់សិន ជាមូលដ្ឋានសម្រាប់តម្លៃឯកត្តានៃការបន្ថែមចំនួនលទ្ធផលកិច្ចសន្យា។

តម្លៃកិច្ចសន្យាគម្រោងនៃឃុំទាំងពីរមានទឹកប្រាក់សរុប៧៨៣,៥១លានរៀល ក្នុងនោះ គម្រោងសាងសង់ផ្លូវដីស ក្នុងឃុំសេកុង មានចំនួន ៤៤១ លានរៀល ដោយតម្លៃឯកត្ដាដេញថ្លៃឈ្នះ ៨,៥ លានរៀលក្នុងមួយគីឡូម៉ែត្រ និងគម្រោង សាងសង់ផ្លូវដីក្រួសក្រហម ក្នុងឃុំស្រែសំបូរ មានចំនួន ៣៤២,៥១លានរៀល ដោយតម្លៃឯកត្ដាដេញថ្លៃឈ្នះ ១៤លានរៀល ក្នុងមួយគីឡូម៉ែត្រ។ ការអនុវត្តគម្រោងសាងសង់ផ្លូវដីសរបស់ឃុំសេកុង សម្រេចបាន ៧៥% នៃកិច្ចសន្យាប្រវែង ១៥គីឡូម៉ែត្រ រឹតត្រូវបានរដ្ឋបាលខេត្តបង្កកសាច់ប្រាក់នៅរតនាគារខេត្ត (មិនទូទាត់១០០%)។ 

ចំណែកការសាងសង់ផ្លូវគ្រួសក្រហមរបស់ ឃុំស្រែសំបូ សម្រេចបាន ១០០% នៃកិច្ចសន្យាគម្រោងប្រវែង ១០គីឡូម៉ែត្រ និងបានទូទាត់ (មុនពេលបង្កកសាច់ប្រាក់) ផាន ៤០% នៃតម្លៃគម្រោងសរុប ស្មើនឹង ១៣៧លានរៀល និងនៅសល់ ៦០% ស្មើនឹង ២០៥,៥៦លានរៀល។ ដូច្នេះ ថវិកា គម្រោងសាងសង់ផ្លូវក្នុងឃុំទាំងពីរ ដែលនៅសល់មិនទាន់បានទូទាត់ និងបានបង្កកនៅរតនាគារខេត្ត មានចំនួនសរុប ៦៤៦,៥១លានរៀល។ សូមបញ្ចាក់ថា ករណីនេះមិនបង្កឱ្យមានការបាត់បង់ថវិការដ្ឋដោយការកិបកេង ឬឃុបឃិតដើម្បី ប្រយោជន៍បុគ្គលណាមួយ ដូចការចុះផ្សាយកន្លងមករបស់បណ្ដាញសារព័ត៌មានមួយចំនួនតូចថាបានបាត់បង់ថវិកាឃុំរហូតដល់ ៦០០លានរៀល នោះឡើយ។ 

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធឱ្យអនុវត្តម៉ឺងម៉ាត់ នីតិវិធីបច្ចេកទេសនៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងទទួលយកនូវរាល់យោបល់ស្ថាបនា ឬការផ្ដល់ព័ត៌មានផ្សេងៗ របស់សាធារណៈជន អ្នកសារព័ត៌មាននានាក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តនឹងបន្តចាត់វិធានការចំពោះមន្ត្រី ក៏ដូចជាក្រុមហ៊ុនពាក់ព័ន្ធដែលមានការធ្វេសប្រហែសបង្កនូវកំហុសឆ្គង និងនាំឱ្យមានភាពមិនប្រក្រតីនេះកើតឡើង តាមច្បាប់ជាធរមាន ៕