2023-10-24 08:10
367

បន្ទាយមានជ័យ៖ ក្រុមហ៊ុនទទួលសិទ្ធអនុវត្តគម្រោងស្ថាបនាប្រព័ន្ធលូរំដោះទឹកក្រខ្វក់ និងទឹកភ្លៀង នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទទួលរងការរីះពីសំណាក់មហាជនយ៉ាងខ្លាំង ដោយទុកអាចម៍ដីចោលធ្វើឲ្យប៉ះពាល់ការធ្វើចរាចរណ៍ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមតំបន់ដែលកំពុងតែមានការកាយដាក់ទុយោទាំងនោះ។ 

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោផ្លូវលេខ២, ៣ និង លេខ៤ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ក្រុមហ៊ុនទទួលសិទ្ធក្នុងការអនុវត្តគម្រោងដាក់ប្រព័ន្ធទុយោរំដោះទឹកក្រខ្វក់ និងទឹកភ្លៀង បានបង្កឲ្យមានផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង ដោយសារតែក្រុមហ៊ុនចាប់ផ្តើមធ្វើកន្លែងណាទុកចោលអាចម៍ដីកន្លែងហ្នឹង មិនបានសម្អាតឲ្យល្អឡើយ រួចក៏ទៅធ្វើកន្លែងផ្សេងទៀត។ 

ប្រជាពលរដ្ឋបានបន្ថែមថា ពួកគាត់សម្តែងការសប្បាយចិត្តចំពោះការអភិវឌ្ឍកសាងប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង ប៉ុន្តែពួកគាត់គ្រាន់តែស្នើរសុំឲ្យក្រុមហ៊ុនធ្វើនៅត្រង់ណាធ្វើឲ្យរួចរាល់សិនចាំបន្តទៅធ្វើកន្លែងថ្មីទៀត មិនគួរកាយអាចម៍ដីទុករាយប៉ាយចោលបែបនេះទាល់តែសោះ។ 

ក្រោយពីពលរដ្ឋសម្តែងការមិនសប្បាយចិត្តចំពោះអ្នកអនុវត្តគម្រោង ព្រោះតែបង្កោលប៉ះពាល់ដល់ពលរដ្ឋ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញបាចុះធ្វើការសម្របសម្រួល ពិនិត្យមើលក្រុមការងារអនុវត្តការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀង នៃគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះ ដោយមើលមានផ្លូវមួយចំនួនពិតរងការខូចខាត ដោយការកាយថ្នល់ដាក់ប្រព័ន្ធទុយោលូបង្កការរំខាន និងការលំបាកដល់ការរស់នៅ និងការធ្វើដំណើររបស់ពលរដ្ឋពិតមែន ។ 
ប្រធានគ្រប់គ្រងការដ្ឋាន នៃក្រុមហ៊ុនសំណង់ ទីក្រុងប៉េកាំង ហ្គ្រុប ប្រចាំខេត្តបន្ទាយមានជ័យ លើកឡើងថា ការអនុវត្តការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀង នៃគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះឥមានទីប្រឹក្សាបច្ចេកទេស ដូចជា RAMBOLI ,OC GLOBAL ,SCE ,TANCONS និងសាងសង់ ដោយក្រុមហ៊ុន BUCG អនុវត្តបាន ៤៧% នៃរយៈពេលអនុវត្ត គិតពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៤ ។ 

មន្ត្រីសាលាក្រុងសិរីសោភ័ណ ជាមន្ត្រីសម្របសម្រួលគម្រោង លោក ខែម ពេជ្ររស្មី បានប្រាប់កាសែតថា ការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រពូន្ធទឹកភ្លៀងនៃគម្រោង កែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណ ក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រគល់ឲ្យមន្ទីរសាធារណការជាអ្នកត្រួតពិនិត្យ និងតាមដានការអនុវត្តគម្រោង។ ដោយឡែកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រាន់តែចូលរួមដើម្បីសហការប៉ុណ្ណោះ។ 

គម្រោងប្រព័ន្ធលូប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀងនៅក្រុងសិរីសោភ័ណ មានប្រវែងសរុប ១១២ គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ, ព្រះពន្លា, អូរអំបិល និងសង្កាត់ទឹកថ្លា ហើយប្រើឥណទាន ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ២២ លានដុល្លារ។

សូមជម្រាបថា ការកសារប្រព័ន្ធលូទឹកកខ្វក់ និងលូរំដោះទឹកភ្លៀង នៃ “គម្រោងកែលម្អបរិស្ថានជុំវិញបឹង ទន្លេសាបជំហាន២” នៅក្រុងសិរីសោភ័ណ  ដែលកំពុងអនុវត្តសព្វថ្ងៃនេះ និងបានធ្វើការជួសជុលផ្លូវឡើងវិញជាបណ្តើរៗផងដែរ។ 

ការអនុវត្តគម្រោងកែលម្អបរិស្ថានជុំវិញបឹង ទន្លេសាបជំហាន២ ខាងលើនេះ មហាជនមានចំងល់ថា ហេតុអ្វីគ្រាន់តែដាក់ទុយោជ័រមានមុខកាត់ ៣០ឬ៤០សង់ទីម៉ែតសោះបែជានាំគ្នាកាយបំផ្លិចបំផ្លាញផ្លូវរបស់រដ្ឋនាំឲ្យខាតបង់រាប់សិបលានដុល្លារ។ ម្យ៉ាងទៀត ការកប់ទុយោនោះមានជម្រៅទៅក្រោមប្រហែល ៣ម៉ែតចំកណ្តាលទ្រូងផ្លូវតែម្តង ប្រសិនថ្ងៃក្រោយទុយោនោះមានបញ្ហាខូចដោយប្រការណាមួយ ត្រូវធ្វើដូចម្តេច? មិនត្រូវកាយផ្លូវចេញម្តងទៀត ពិតជាដូចពាក្យថា “កាយផ្លូវដាក់លូ ដាក់លូកាយផ្លូវ” មែន៕