2023-03-23 04:03
645

ភ្នំពេញ៖       អតីតប្រធានគណបក្សប្រឆាំង គឺលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះរបស់តាត់ ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យជួបជាមួយសហមេធាវីការពារក្តី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ នៅលំនៅដ្ឋាន់ផ្ទាល់តែម្តង។ 

សេចក្តីប្រកាសរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅព្រលប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ តំណាងអយ្យការបានទទួលលិខិតរបស់ពិរុទ្ធជន កឹម សុខា ដើម្បីស្នើសុំជួបជាមួយសហមេធាវីការពារក្ដីរបស់ខ្លួន ដើម្បីបន្តនីតិវិធីតាមផ្លូវតុលាការ ជាពិសេសជួបពិគ្រោះយោបល់ ក្នុងការប្តឹងឧទ្ធរណ៍ឲ្យទាន់ពេលវេលាកំណត់ ។ 

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយអនុវត្តទៅតាមសាល ក្រមព្រហ្មទណ្ឌលេខ ១៨២  ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទី៣ កថាខណ្ឌទី២ នៃសេចក្តីសម្រេចបានសម្រេចថា៖ «មិនត្រូវជួបបុគ្គលណាម្នាក់ទាំងសញ្ញាតិខ្មែរ និងបរទេសដោយផ្ទាល់ ឬប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យាក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុ ញ្ញាតដោយព្រះរាជអាជ្ញ នៃអយ្យការអាមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ» ។ 

ក្រោយពីបានទទួល លិខិតស្នើសុំខាងលើ តំណាងអយ្យការបានអនុញ្ញាតឱ្យពិរុទ្ធជន កឹម សុខា ទទួលជួប និងឱ្យសហមេធាវីការពារក្តី ដែលមានឈ្មោះនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៥៦៤២/ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចូលជួបជាមួយពិរុទ្ធជន កឹម សុខា នៅក្នុងលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង១៧:០០នាទីរសៀល តាមលិខិតអនុញ្ញាតលេខ ២៦២ អយក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមកិច្ចសម្របសម្រួលរបស់មន្ត្រីនគរបាលយុត្តិធម៌៕