2024-02-08 06:02
87

ខេត្តរតនគិរី ៖   ប្អូនស្រី  ហ្សត់ សាលិច ដែលមានជំងឺប្រចាំកាយ(ដុះដុំសាច់ខួរក្បាល)បានទទួលការយកចិត្តទុកដាក់ និងក្តីអាណិតអាសូរពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីដោយមានការគិតគូរយកចិត្តទុកដាក់និងក្តីអាណិតអាសូរពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម បានចាត់ឱ្យលោក ឌឹម ណាត នាយកសាខា លោក ជា សានិត ប្រធានមន្ទីរស្តីទី មន្ទីរសុខាភិបាល លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកនាយកវិទ្យាល័យអន្តវាសិកដ្ឋានក្រុងបានលុង ព្រមទាំងសហការី និងអាជ្ញាធរស្រុកលំផាត់  ចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ ជាថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្អូនស្រី ហ្សត់ សាលិច អាយុ ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២ និងជាយុវជនកាកបាទក្រហម នៅវិទ្យាល័យអន្តវាសិកដ្ឋានក្រុងបានលុង ដែលមានជំងឺប្រចាំកាយ (ដុះដុំសាច់ខួរក្បាល) រស់នៅភូមិ ចាងរ៉ា   ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
    ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសារប្អូនស្រី លោកនាយកសាខាបានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រសាសន៍ ឯកឧត្តម ញ៉ែម សំអឿន  ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយបានជម្រាបថា ៖ « ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និង ឯកឧត្តមប្រធានគណៈកម្មាធិការសាខា តែងតែគិតគូរពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេង ៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។  
   លោកនាយកសាខា និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងក្រុមការងារ ក៏បានផ្តាំផ្ញើដល់ប្អូនស្រី និងក្រុមគ្រួសារ ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អ  អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបរិភោគអាហារូបត្ថម្ភដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព  និងជូនពរដល់ប្អូនស្រីអ្នកជំងឺ ឆាប់ជាសះស្បើយពីជំងឺ មានសុខភាពល្អប្រសើរឡើងវិញ។ ជាមួយគ្នានេះ  ក្រុមគ្រូពេទ្យ មន្ទីរពេទ្យបង្អែកខេត្ត បានឱ្យក្រុមគ្រួសារអ្នកជំងឺត្រៀមលក្ខណៈ ដើម្បីនាំប្អូនស្រីទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងរៀបចំឯកសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញផងដែរ។  អំណោយមនុស្សធម៌បានប្រគល់ជូននាពេលនោះរួមមានៈ
១-ថវិកាផ្ទាល់របស់ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ចំនួន ១លាន រៀល
២-សាខាកាកបាទក្រហមខេត្តរតនគិរីៈ អង្ករ ៥០ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកផ្លែឈើ១កេស និងថវិកា ១លាន រៀល។
៣-មន្ទីរសុខាភិបាល ថវិកា ២០ ម៉ឺនរៀល លោក ហ៊ីងផាន សគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ថវិកា ១០ម៉ឺនរៀល  និងលោក ណុប តាំងអូន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត ថវិកា ៤ ម៉ឺនរៀល៕