2023-12-12 12:12
144

ភ្នំពេញ៖     ឯកឧត្តម  ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើងថា ក្រសួងនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ នុងសហគ្រាស ទទួលយកជនមានពិការភាពឱ្យបាន៣% ចូលក្នុងប្រតិបត្តិការ។ 
   ការថ្លែងយ៉ាងដូចនេះ របស់លោករដ្ឋមន្ត្រីក្រសួងការងារក្នុងពេលដែលលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងស្តីពី ទីផ្សាការងារប្រកបដោយបរិយាបន្នគាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព ដែលធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
   ការជំរុញរបស់ ឯកឧត្តម  រដ្ឋមន្ត្រី គឺស្របពេលដែលចំនួនចូលធ្វើការរបស់ជនមានពិការភាពទាំងអស់នៅទូទាំងប្រទេស នៅមានកម្រិតនៅឡើយ។
   សម្រាប់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តធ្វើការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសបន្តទៀត ដើម្បីបង្កលក្ខណៈបត់បែន សម្រាប់ជនមានពិការភាពអាចចូលធ្វើការបន្ថែមទៀត ទៅតាមជំនាញផ្សេងទៀតដូចជាអ្នកទទួល និងលើកទូរសព្ទ និងកិច្ចការងារមិនប្រើប្រាស់កម្លាំងផ្សេងៗទៀត ដើម្បីអាចឱ្យបងប្អូនជនពិការទាំងអស់អាចទទួលបានការងារសមរម្យ  និងមានជីវភាពកាន់តែប្រសើរ។ 
   បន្ថែមពីនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ក៏បានជំរុញឱ្យបងប្អូនមានពិការភាពអាចសម្លឹងមើលជំនាញវិជ្ជាជីវៈដែលរាជរដ្ឋាភិបាលបានប្រកាសផ្តល់ជូនបងប្អូនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលស្របតាមលទ្ធភាព ក្នុងការពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួន។ 
   ឯកឧត្តម រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់មិនត្រូវអស់សង្ឃឹម ហើយត្រូវតស៊ូជំនះរាល់ការលំបាកនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមជាតិដែលមិនមែនជាបន្ទុកសង្គមនោះឡើយ៕