2023-10-17 11:10
348

កោះកុង៖ អភិបាលរងស្រុកមណ្ឌលសីមា និងមន្ត្រីយោធាម្នាក់ជាម្ចាស់ដីពិតប្រាកដ បានបដិសេធទាំងស្រុងរាល់ព័ត៌មានថា «ប្រធានតុលាការខេត្តកោះកុងឈូសឆាយដីរបស់មេភូមិកោះអណ្តែត ឈ្មោះ ឡាយ លិក គ្រាព័ត៌មាននោះមានចេតនាមួលបង្គាច់ដល់ថ្នាក់ដឹកនាំ និងធ្វើឱ្យមហាជនភ័ន្តច្រឡំ»។

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ថា ឈ្មោះ ឡាយ លិក ជាមេភូមិកោះអណ្តែត បានពឹងឱ្យសារព័ត៌មានចំនួនផ្សព្វផ្សាយចោទប្រកាន់លោកប្រធានតុលាការខេត្តកោះកុង ថាឈូសឆាយដីរបស់គាត់ ជារឿងមិនមែនជាការពិតទេ ព្រោះដីនោះជាដីរបស់ឈ្មោះ ជឹម សារុំ ដែលបានអាជ្ញាធរស្រុក និងមន្រ្តីជំនាញ ចុះពិនិត្យវាស់វែងដោះស្រាយកន្លងទៅដោយយោងតាមប្រវត្តិនៃការកាន់កាប់ដី ព្រមទាំងភស្តុតាងគ្រប់គ្រាន់ជាក់ស្តែង ក្រោមការវាយតម្លៃរបស់គណៈកម្មាការជំនាញ រួមមាន៖ អាជ្ញាធរភូមិកោះប៉ោ ឃុំប៉ាក់ខ្លង អភិបាលរងស្រុក និងមន្រ្តីការិយាល័យដែនដីស្រុកមណ្ឌលសីមា ចូលពិនិត្យទទួលស្គាល់ជាដីរបស់ ជឹម សារុំ ដែលកាប់កាបើទាំងពីឆ្នាំ១៩៩៨ មកម្លេះ។ 

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា ក៏បានចាត់ទុកការតវ៉ាទាមទាររបស់លោក ឡាយ លិក មេភូមិកោះអណ្តែត ថា «មានអ្នកញុះញង់អាងមានអ្នកអំណាចនៅពីក្រោយខ្នង និងយកឈ្មោះឯកឧត្តម ទៀ សុទ្ធ មកកាង ដើម្បីចង់បានផលប្រយោជន៍ និងបានទារលុយ ចំនួន ១៦ម៉ឺនដុល្លារ ជាថ្នូរ ប៉ុន្តែលោកឈ្មោះ ជឹម សារុំ បានបដិសេធ។ ចំពោះការផ្សាយព័ត៌មានថា «ប្រធានតុលាការខេត្តកោះកុង ទៅឈូសឆាយដីរបស់ឈ្មោះ ឡាយ លិក គឺរឹងតែមិនត្រឹមត្រូវ ព្រោះដីនោះជាកម្មសិទ្ធិរបស់ឈ្មោះ ជឹម សារុំ»។

លោកអភិបាលរងស្រុកមណ្ឌលសីំមា ពន្យល់ថា លោក ឡាយ លិក បានដាក់ពាក្យបណ្តឹងដោយផ្ទាល់មាត់មកលោកអភិបាលស្រុកមណ្ឌលសីមា ដើម្បីជួយដោះស្រាយហើយឈ្មោះ ឡាយ លិក បានឯកសារមានពាក្យសុំប្រើប្រាស់ដីធ្លីចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៣ មានផ្ទៃដីទំហំ ៤៧.២០០ម៉ែត្រការ៉េ ប៉ុន្តែឯកសារនោះ ជាឯកសារដែលឈ្មោះ ឡាយ លោក បានសរសេរបំពេញបន្ថែមដោយខ្លូនឯងប៉ុណ្ណោះ មិនអាចយកជាការបានទេ និងនិងមាបបទល្មើសព្រហ្មទណ្ឌទៀត (ក្លែងឯ្សារសាធារណៈ)។ 

ដូច្នេះលោក ឡាយ លិក បានក្លែងឯកសារបញ្ជាក់ដីធ្លីពិតប្រាកដ ដែលជាឯកសាររបស់រដ្ឋដែលជាបទល្មើសឧក្រិដ្ឋ ដោយមានសំលេងគាត់ជាភស្តុតាង។ បើយោងតាមពាក្យសុំប្រើប្រាស់ដីរបស់ឈ្មោះ ឡាយ លិក បង្ហាញថាដី  ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃ ស្រុកកោះកុង ប៉ុន្តែការពិតដីនេះស្ថិតនៅក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ មិនត្រឹមតែប៉ុណ្ណោះព្រំប្រទល់ដែលបញ្ជាក់ក្នុងពាក្យសុំ គឺ ដី ស្ថិតនៅក្នុងព្រែកទឹកឯណោះ ខុសព្រំប្រទល់ដីគ្នាជាមួយទីតាំងដីដែលឈ្មោះ ឡាយ លិក កំពុងអះអាង និងទាមទារដីជាក់ស្តែង និងក្នុងគំនូសបង្ហាញទីតាំងដី។ 

ក្នុងគំនូសបង្ហាញទីតាំងដីដែលគាត់បានយកមកបង្ហាញក្រុមការងារស្រុកឃើញថា ជាគំនូសដែលគាត់ធ្វើដោយខ្លួនឯង មិនមានអាជ្ញាធរណាទទួលស្គាល់ទេ សូម្បីតែថ្ងៃខែក៏គ្មានផងតែគាត់ប្រាប់ថា «គាត់ធ្វើខ្លួនឯងនាពេលថ្មីៗនេះតែប៉ុណ្ណោះ» ហើយគំនូសបង្ហាញ់ទីតាំងដី ទ្រង់ទ្រាយដី គឺ វាខុសជាមួយការចង្អុលបង្ហាញរបស់គាត់ជូនក្រុមការងារស្រុកចុះទីតាំងផ្ទាល់ទៀត ជាន់ដីគេឯងចំនួន ០២នាក់ផ្សេងទៀត ដូច្នេះមិនដឹងដីថា ដីគាត់ស្ថិតនៅទីណាចំណុចណាអោយប្រាកដទេ។

ចំពោះការអះអាងថា គាត់អាស្រ័យផលលើដីនេះ ៣០ឆ្នាំ រឹតតែមិនអាចទទួលយកបានទៅទៀត ព្រោះពេលក្រុមការងារចុះពិនិត្យដីតាមការស្នើសុំរបស់លោក ជឹម សារុំ ក្រុមការងារមិនមានឃើញ ឈ្មោះ ឡាយ លិក ឬដំណាំ ផ្ទះសម្បែង ដូចលោក ឡាយ លិក អះអាងទេ, ហើយក្រុមការងារបានសាកសួរ អ្នកជាប់ព្រំដី គឺទទួលស្គាល់ដឹងលឺជាដីរបស់ ជេម សារុំ អតីតមេយោធា ឈរជើងនៅតំបន់នោះទាំងពីឆ្នាំ១៩៩៨មកម្លេះ ដោយលោក ជឹម សារុំ មានបង្គោលព្រំមានដំណាំចំការ តែដោយព្រៃឬស្សី ដុះពីលើ និងពិសេសគឺសាក្សីព្រំដីនៅជាប់គ្នាៗជាយូរឆ្នាំហើយ ។ 
លោក ជឹម សារុំ ភេទប្រុស មុខរបរយោធា មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានបដិសេធទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្រោមចំណងជើង «ប្រធានតុលាការខេត្តកោះកុង ត្រូវមេភូមិចោទប្រកាន់ឈូយ ឆាយទន្ទ្រានលើដីគាត់ដែលកាន់កាប់ជាង៣០ឆ្នាំ» វាជារឿងមិនពិតទេ ព្រោះដីនោះជាដីកម្មសិទ្ធិរបស់រូបលោកមិនមែនជាដីរបស់មេភូមិឈ្មោះ ឡាយ លិក ឡើយ ។

លោក ជឹម សារុំ បានអះអាង ដីនេះលោកបានកាន់កាប់តាំងពីឆ្នាំ១៩៨៨ គ្រាលោកនៅជាអតីតអនវរៈសេនាតូចលេខ៤ ប្រចាំមការ ក្នុងតំបន់តាតៃ ហើយដោយឆ្នាំ១៩៩៣ ថ្នាក់ដឹកនាំសឹករងខេត្តកោះកុងមានគោលការណ៍បែងចែងដី ធ្លីជូនកងទ័ព និងគ្រួសារកងទ័ពទុករស់នៅអាស្រ័យផលធ្វើកសិកម្មកែប្រែជីវភាពតាមដងផ្លូវជាតិលេខ៤៨ (ចាស់)។ 

លោក ជឹម សារុំ បានបន្តទៀតថា អំឡុងឆ្នាំ២០១៧ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ក៏តែងតាំង និងផ្ទេរភារកិច្ចលោកទៅជាមេតំបន់ប្រតិបត្តិការសឹករងស្រុកគិរីសាគរ ប៉ុន្តែដីនោះលោក ជឹម សារុំ ជាអ្នកគ្រប់គ្រងអាស្រ័យផលដាំដំណាំដដែលដោយឲ្យឈ្មោះ ហ៊ឹម សាមឿន ជាអ្នកមេការរមើលការខុសត្រូវដី គ្រាបោះបង្គោលរបងប្រទល់ និងសាក្សីដឹងឮត្រឹមត្រូវច្បាស់លាស់មិនដូចការលើកឡើងរបស់ឈ្មោះ ឡាយ លិក មេភូមិកោះអណ្តែត មកអះអាងថា «ខ្លួនមានដីជាមួយគ្នានោះទេ» ប៉ុន្តែក្រោយមកឆ្នាំ២០០២ដីនេះ វាក៏ស្ថិតនៅក្រោមគ្រប់គ្រងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានហាមប្រាមមិនឲ្យនរណាម្នាក់ធ្វើកសិកម្មបន្តទេ ព្រោះជាដីតំបន់ការពារអភិរក្សបែបនេះក្តី ដីនេះនៅតែ ស្ថិតក្រោមការថែទាំរបស់ខ្ញុំដដែល។

ជាក់ស្តែង ក្នុងខែកក្កដា ឆ្នាំ២០២៣ ស្រាប់តែមានឈ្មោះ ឡាយ លិក មេភូមិកោះអណ្តែត បានប្ដឹងមកសាលាស្រុកមណ្ឌលសីមា ដោយអះអាងថា ជាដីរបស់គាត់ដោយសំអាងលើពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីចុះថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០០៣ ដែលអះអាងគាត់មានដីទំហំ ៤៧,២០០ម៉ែត្រការ៉េ ជាន់ដីរបស់លោកតែជាការឯកសារក្លែងក្លាយប៉ុណ្ណោះ។

លោក ជឹម សារុំ បន្ថែមថា មេភូមិរូបនេះ គាត់មិនដែលកាន់កាប់ដីនោះទេ ហើយការដែលឈ្មោះ ឡាយ លិក ចោទប្រកាន់ថា លោកប្រធានតុលាការខេត្តកោះកុង បានឈូយឆាយទន្ទ្រានលើដីគាត់ដែលកាន់កាប់ជាង ៣០ឆ្នាំ ជារឿងប្រឌិតដើម្បីមូលបង្កាច់ថ្នាក់ដឹកនាំតុលាការប្រហែលក្នុងគោលបំណងគេចពីបទក្លែងឯកសារសាធារណៈ ដែលរូបលោក និងប្ដឹងទៅតុលាការតែប៉ុណ្ណោះ ព្រោះឈ្មោះ ឡាយ លិក បានដឹងហើយថា ជាដីរបស់ខ្ញុំ (ជឹម សារុំ) និងដាក់ពាក្យប្តឹងខ្ញុំទៅសាលាដំបូងខេត្តកោះកុងទៀត។

អាជ្ញាធរស្រុកមណ្ឌលសីមា បានរកឃើញ និងបញ្ជាក់ថា ជាដីកម្មសិទ្ធិរបស់លោក ជឹម សារុំ ហើយដែលដីឈ្មោះឡាយ លិក ទាមទារមិនដឹងនៅទីណាទ? ដូច្នេះលោកសូមជម្រាបសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ចៀសវាងការភ័ន្តច្រឡំ ប្រការណាមួយធ្វើឱ្យប៉ះពាល់កត្តិយសសេចក្ដីថ្លៃថ្នូររបស់ឯកឧត្តមប្រធានតុលាការខេត្តកោះកុង ព្រោះការផ្សាយរបស់ឈ្មោះ ឡាយ លិក គឺធ្វើក្នុងគោលបំណងដាក់សំពាធលើតុលាការខេត្តកោះកុង ដែលនិងទទួលចាត់ការលើសំណុំរឿងឈ្មោះ ឡាយ លិក ពីបទ៖ ក្លែងឯកសាររបស់រដ្ឋ និងប្រើឯកសារក្លែង ព្រោះលោកបានដាក់បណ្តឹងលើឈ្មោះ ឡាយ លិក ទៅអយ្យការអមសាលាដំបូងខេត្តកោះកុង រួចហើយព្រោះមិនអាចទ្រាំ និងទង្វើល្មើសច្បាប់ដែលគាត់ជាមេភូមិហ៊ានក្លែងឯកសាររបស់រដ្ឋ ដើម្បីប្រើប្រាស់ក្នុងរូបភាព «ឈ្នះបានដីចាញ់បានលុយ» របស់ឈ្មោះ ឡាយ លិក នេះបានតទៅទៀតទេ៕