2024-03-29 03:03
40

តាកែវ៖ ថៅកែលក់គ្រឿងសំណង់ដ៏ធំម្នាក់ បានសាងសង់សំណង់របងថ្មរឹងមាំ និងធ្វើសំយ៉ាបរំលោភយកដីប្រព័ន្ធប្រឡាយរំដោះទឹកជាចំណីផ្លូវសាធារណៈ ពេលនេះសុខចិត្តសម្រេចរុះរើដោយខ្លួនឯង ដោយសុំរយៈពេល ១ខែ និងស្នើសុំរក្សាប្រព័ន្ធលូដែលខ្លួនបានដាក់នៅដដែល។

លោក អ៊ុ ចំរើន អភិបាលស្ដីទីស្រុកទ្រាំង បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន ឱ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ នេះថា៖ «ម្ចាស់ដេប៉ូគ្រឿងសំណង់ យីហោ “រដ្ឋា ផល្លាII” របស់ លោកស្រី ឌឿ ផល្លា  មានទីតាំងស្ថិតនៅ ភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បានសម្រេចយល់ព្រមរុះរើសំណង់រឹងមាំរបស់ខ្លួនចេញដោយខ្លួនឯង ដែលបានសង់រំលោភលើប្រឡាយទឹក មានទទឹង ៤ម៉ែត្រ បណ្ដោយ ៤០ម៉ែត្រ»។

ការសុខចិត្តសម្រចរុះរើសំណង់ខុសច្បាស់ដោយខ្លួនឯងនេះ លោកស្រី ឌឿ ផល្លា ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ “រដ្ឋា ផល្លាII” បានស្នើសុំរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដោយធ្វើការរុះរើដោយខ្លួនឯង រំកិលរបងថ្មចូលក្នុងផុតលូ, សម្រេចរុះរើសំយ៉ាបចូលក្នុងវិញ និងសុំរក្សាទុកប្រព័ន្ធលូបង្ហូរទឹកទំហំមុខ ១ម៉ែត្រ ប្រវែងជាង ៤០ម៉ែត្រ ដដែល។

សូមជម្រាប់ថា ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ខាងលើធ្វើសកម្មភាពសាងសង់សំណង់របងថ្មរឹងមាំ និងសំយាបរំលោកចូលប្រឡាយទឹក និងជាដីចំណីផ្លូវសាធារណៈបែបនេះ ហេតុអ្វី? ពេលកំពុងដំណើរការសាងសង់អស់អាជ្ញាធរភូមិ ឃុំ ស្រុក និងមន្ត្រីជំនាញមិនចុះហាមឃាត់បណ្តោយឱ្យការសាងសង់រហូតបានសម្រចទើបមានវិធានការដែលនាំឱ្យម្ចាស់ទីតាំងក៏ខាងបង់ច្រើន និងមហាជនរិះគន់ថែមទៀតផង៕