2024-02-21 07:02
71

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សមាជិក សមាជិការរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងសមាជិករាជរដ្ឋាភិបាល ចំនួន០៣រូប ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ានី ជា «ឧបនាយករដ្ឋមន្ត្រី» រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ឯកឧត្តម ស្រី ថាមរុង្គ និង ឯកឧត្តម ប៉ែន វិបុល ជា «ទេសរដ្ឋមន្ត្រី» ទទួលបន្ទុកបេសកកម្មពិសេស។
   យោងតាមលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំ ចំនួន ១១៥រូប ដែលទទួលបានលទ្ធផលអង្គសភាធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ០៣រូប៖ ទី១- ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ទី២- ឯកឧត្តម ស្រី ថាមរុង្គ ជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងទី៣- ឯកឧត្តម ប៉ែន វិបុល ជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
   ការបោះឆ្នោតនេះធ្វើឡើង ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នាព្រឹកថ្ងៃ២១កុម្ភៈនេះ ដើម្បីបោះឆ្នោតតែងតាំងសមាជិករាជរដ្ឋាភិបាលចំនួនបីរូប ជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋ សភាព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចពញ្ញាចក្រីហេង សំរិន សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសមាជិកសមាជិការដ្ឋសភាសរុប ១២០រូប។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដែលមាន កូរ៉ុមចំនួន ១២០រូប ដោយទទួលបានលទ្ធផលយល់ព្រម ១២០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
   សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី ស្ថិតក្នុងជួររដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន មានចំនួន១១រូប រួមមាន៖ ឯកឧត្តម នេត សាវឿន, ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម សុខ ចិន្តាសោភា, ឯកឧត្តម វង្សី វិសុទ្ធ, ឯកឧត្តម កើត រិទ្ធ, ឯកឧត្តម សាយ សំអាល់, ឯកឧត្តម ទៀ សីហា, ឯកឧត្តម ស សុខា, ឯកឧត្តម ហង់ ជួនណារ៉ុន, ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម ហ៊ុន ម៉ានី តែម្តង៕