2023-09-21 11:09
384

ពីទទួលបានរូបថតជាច្រើនសន្លឹកដែលពលរដ្ឋរាយការណ៍និងផ្ញើមកឲ្យអង្គភាព ថាការស្ថាបនាផ្លូវបេតុង២ខ្សែ ដែលខ្សែទី១មានទទឹង 5 ម៉ែត្របណ្ដោយ ៣៥០ ម៉ែត្រមានទីតាំងស្ថិតនៅភូមិ២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនិងខ្សែទី២ មានទទឹង៥ម៉ែត្រ បណ្តោយ២១៦ម៉ែត្រ ស្ថិតក្នុងភូមិ១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលស្ថាបនាដោយក្រុមហ៊ុន ទាវ សេងហុក មានភាពមិនប្រក្រតីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពទូរទស្សន៍អេមអេសចេ( MSJ TV)ថាការស្ថាបនាផ្លូវបេតុងអាមេខាងលើមិនត្រូវតាមលក្ខណ:បច្ចេកទេសនោះឡើយ។

ពលរដ្ឋលើកឡើងថាក្រុមហ៊ុន ទាវ សេងហុក ដែលដេញថ្លៃធ្វើផ្លូវឃុំព្រៃនប់នេះគាត់សង្កេតឃើញថាការពង្រាប បង្ហាត់ដីមិនបានហាប់ណែនរឹងមាំបានល្អនោះឡើយ។ចំណែកឯដែកវិញទទឹងផ្លូវ៥ ម៉ែត្រក្រុមហ៊ុនប្រើដែកតែ២៣ ដើមប៉ុណ្ណោះ ។ដូច្នេះក្រុមហ៊ុនស៊ីដាច់ដែក៣សរសៃ ចុះបើផ្លូវបេតុងពីរខ្សែនេះស្មើនឹង៥៦៦ម៉ែត្របើគិតជាដើមក្រុមហ៊ុន ទាវ សេង ហុក ស៊ីដាច់ដែកចំនួន៤៧ដើមស្រស់ៗតែម្តង ដូច្នេះចន្លោះដែកដែលរាយចងគឺធំជាង២តឹក។

ពលរដ្ឋលើកឡើងទៀតថា÷ការចងដែកទៀតសោតក្រុមហ៊ុន ទាវ សេងហុក ចងមិនបានគ្រប់ចំណងនោះទេពោលគឺចងដែកផ្លោះមានន័យថាចងមួយអត់មួយគ្រប់ចន្លោះដែក។រីឯដែកដែលលើកយកដាក់លើផ្លូវចាក់បេតុងនោះក្រុមហ៊ុនមិនបានយកកំណល់ចងឲ្យជាប់នឹងដែកនោះទេ។

ប្រជាពលរដ្ឋលើកឡើងទៀតថា÷ក្រុមហ៊ុន ទាវ សេងហុក មិនដឹងយល់ឃើញយ៉ាងដូចម្ដេចនោះទេពេលចាក់បេតុងលើផ្លូវឱ្យរថយន្តដឹកបេតុងទម្ងន់រាប់សិបតោនបើកកិនពីលើដែកដែលក្រាលលើផ្លូវយ៉ាងរំភើយមិនខ្វល់ពីដែកវៀចកោងរញ៉េរញ៉ៃឡើយ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមនៅព្រឹកថ្ងៃអាទិត្យទី១០ ខែកញ្ញា ឆ្នាំ២០២៣អ្នកសារព័ត៌មានយើងបានទៅដល់ទីតាំងភូមិ១ ឃុំព្រៃនប់ ស្រុកព្រៃនប់បានថតផ្ដិតយករូបភាពជាក់ស្តែងនៅទីតាំងនោះជាមួយប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះដែលបានរាយការណ៍មកអង្គភាពយើង។ ភ្នាក់ងារយើងក៏បានចុះទៅដល់ទីតាំងនោះហើយសង្កេតឃើញថា÷ក្រុមហ៊ុន ទាវ សេងហុក ដែលទទួលសិទ្ធិស្ថាបនាផ្លូវខាងលើនេះទី១-ពង្រាបនិងបង្ហាប់ដីមិនបានណែនល្អ មានន័ថានៅជ្រាយហើមៗ។

ទី២-ដាក់ដែករាយតាមទទឹងផ្លូវប្រើដែកតែ២៣ដើមធ្វើឲ្យគម្លាតធំជាង២តឹក។ទី៣-ចងចំណងមិនគ្រប់ចំណងមានន័យថាចងមួយចំណងផ្លោះមួយចំណងពិតប្រាកដដូចប្រជាពលរដ្ឋលើកឡើងមែន។

លុះដល់ថ្ងៃអង្គារទី១២ ខែកញ្ញា ឆ្នាំ២០២៣អ្នកសារព័ត៌យើងបានទទួលព័ត៌មានថាក្រុមហ៊ុន ទាវ សេងហុក បានចាក់បេតុងផ្លូវនេះ ។អ្នកសារព័ត៌មានយើងបានចុះទៅថតផ្តិតយករូបភាពជាក់ស្តែងឃើញ៣ចំណុចខាងលើនៅដ៏ដែលនិងកត់សម្គាស់ឃើញបន្ថែមទៀតថាពេលរថយន្តចាក់បេតុងមិនបានកល់កំណល់នោះទេ ពេលអ្នកសារព័ត៌មានយើងនាំគ្នាថតទើបកម្មករម្នីម្នារត់ទៅកល់ដែក ហើយការកល់បែបនេះយើងឃើញថាពេលថយន្តចាក់បេតុងទៅធ្វើឲ្យកំណល់មួយចំនួនបានខ្ទាតចេញពីដែកផងដែរ។ហើយចំណុចសំខាន់មួយទៀតនោះរថយន្តដឹកបេតុងរាប់សិបតោនបានបើកកិនពីលើដែកធ្វើឲ្យដែកវៀចកោងទាំងអស់។តើធ្វើបែបនេះត្រូវនិងបច្ចេកទេសដែរឬទេទាន?ហើយផ្លូវ២ ខ្សែខាងលើនេះដែលចំណាយថវិកាជាតិរាប់រម៉ឺនម៉ឺនដុល្លារបម្រើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋធ្វើដំណើរបានប៉ុន្មានថ្ងៃខែឆ្នាំទៅទានម្ចាស់?

ទាំងនេះយើងជាអ្នកសារព័ត៌មានសុំមិនអធិបាយរ៉ាយរ៉ាប់អំពីបច្ចេកទេសនោះទេទុកឲ្យលោកមន្ត្រីជំនាញទៅចុះ។
ពាក់ព័ន្ធជុំវិញបញ្ហាខាងលើនេះនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣អ្នកសារព័ត៌មានយើងបានហៅទូរសព្ទទៅលោក កាន់ សុគន្ធ មេឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុជាច្រើនដងដើម្បីសុំការពន្យល់ពាក់ព័ន្ធទៅនឹងការស្ថាបនាផ្លូវបេតុងចំនួន២ ខ្សែដែលស្ថាបនាដោយក្រុមហ៊ុន ទាវ សេងហុក ស្ថិតក្នុងភូមិឃុំខាងលើតែទូរសព្ទហៅទៅលោកមិនចូល។

លោក រិទ្ធ ស្មាន ស្មៀនឃុំព្រៃនប់នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះបានប្រាប់អ្នកសារព័ត៌មានយើងថាក្រុមហ៊ុន ទាវ សេងហុក បានស្ថាបនាផ្លូវបេតុងបានល្អជាងក្រុមហ៊ុនផ្សេងៗ ហើយលោកទទួលស្គាល់ថាក្រុមហ៊ុនមុនៗដែលមកស្ថាបនាផ្លូវបេតុងនៅឃុំរបស់លោកមិនបានល្អដូចក្រុមហ៊ុននេះទេ។ជាងនេះទៅទៀតលោកថានៅឃុំដទៃធ្វើមិនបានល្អដូចឃុំលោកនោះឡើយហ៊ានធានា។

ងាកមកមើលមន្ត្រីបច្ចេកទេសនៅស្រុកព្រៃនប់ឯណេះវិញនៅរសៀលថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៣អ្នកសារព័ត៌មានយើងបានហៅទៅលោក ចាន់ សេង ប្រធានលទ្ធកម្មស្រុកព្រៃនប់ខេត្តព្រះសីហនុហៅចូលជាច្រើនដងចូលហើយតែលោកពុំបានទទួលទូរស័ព្ទនោះឡើយ។លុះដល់ម៉ោង៣.៣៦នាទីថ្ងៃដ៏ដែលលោក ចាន់ សេង ក៏បានហៅទូរស័ព្ទមកអ្នកសារព័ត៌មានយើងវិញ ហើយអ្នកសារព័ត៌មានយើងសុំការពន្យល់ពីបច្ចេកទេសក្នុងការស្ថាបនាផ្លូវបេតុង២ខ្សែនៅឃុំព្រៃនប់នេះបែរជាលោកថាមិនពាក់ព័ន្ធនឹងលោកនោះទេ បើចង់ដឹងសួរឃុំទៅកុំរំខានលោកធ្វើការ ហើយឈប់ហៅទូរស័ព្ទមកលោកទៀតលោករវល់ណាស់

មិនតែប៉ុណ្ណោះលោកបានប្រើពាក្យមិនសមរម្យមិនគួរគប្បីក្នុងនាមជាមន្ត្រីបម្រើរាស្ត្រជាមន្រ្តីបច្ចេកទេសមិនខ្វល់ពីការស្ថាបនាផ្លូវបេតុងក្នុងស្រុកព្រៃនប់របស់ខ្លួនដែលគ្រប់គ្រងបែរជាឆ្លើយដោះសារយករួចខ្លួនយ៉ាងរំភើយមិនខ្វល់។
ក្នុងនាមលោក ចាន់ សេង ជាមន្ត្រីទទួលខុសត្រូវផ្នែកបច្ចេកទេសលទ្ធកម្មបែរជាមិនបំភ្លឺប្រាប់ប្រជាពលរដ្ឋក៏ដូចជាមហាជតាមរយ:អ្នកសារព័ត៌មានឲ្យបានយល់ជ្រាបពីបច្ចេកទេសក្នុងការស្ថាបនាផ្លូវបេតុងនេះទេ បែរជាប្រើពាក្យសម្តីគម្រោះគម្រើយមិនសាកសមជាប្រធានលទ្ធកម្មស្រុកព្រៃនប់នោះឡើយ។មន្ត្រីជិះសេះលែងដៃដូចលោក ចាន់ សេង បែបមិនទទួលខុសត្រូវលើការស្ថាបនាផ្លូវបេតុងក្នុងឃុំស្រុករបស់ខ្លួនបែបនេះតើសាកសមនៅអង្គុយលើកៅអីលទ្ធកម្មនេះតទៅទៀតឬមួយយ៉ាងណា?

គួររំលឹកផងដែរថាលោក ចាន់ សេង ប្រធានលទ្ធកម្មស្រុកព្រៃនប់កន្លងមក  អ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ រៀបរាប់ស្ថានភាពនៃការស្ថាបនាផ្លូវបេតុងមួយខ្សែរបស់ក្រុមហ៊ុន យិន សុខ ស្ថាបនាផ្លូវបេតុងមួយខ្សែដែលមានទទឹង៥ ម៉ែត្របណ្ដោយ៨៣០ ម៉ែត្រស្ថិតក្នុងភូមិបន្ទាយព្រៃ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋរាយការណ៍មកថាការស្ថាបនាផ្លូវមួយខ្សែនេះមានភាពមិនប្រក្រតីចាក់ក្រាស់ស៊ីស្តើងដូចអាប៉ោង។ រីឯការចងដែកមិនត្រូវបច្ចេកទេស ពង្រាបបង្ហាប់ដីមិនបានណែនហាប់ល្អបើករថយន្តកិនលើដែកធ្វើឲ្យដែកវៀចកោងជាដើមនិងមិនបានកល់កំណល់ផងនោះ ហើយពេលអ្នកសារព័ត៌មានសម្ភាសន៍លោក លោកមិនបានបំភ្លឺនោះទេបែរជាលោកស្តាប់ហើយអរគុណបិទទូរស័ព្ទតែម្តង។ពេលអ្នកសារព័ត៌មានទូរសព្ទទៅលោកម្ដងទៀតនឹងសួរសំណួរលោកឡើងវិញបែរជាលោក ចាន់ សេង ប្រធានលទ្ធកម្មដ៏មហាអស្ចារ្យប្រាប់មកអ្នកសារព័ត៌មានយើងវិញថាលោកកំពុងឈឺទៅវិញ ពិតជាមន្ត្រីមហាលោតថ្លោះមហាអស្ចារ្យមែន។