2023-11-22 03:11
322

សៀមរាប៖ គណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីបំភ្លឺករណី «វត្តពោធិ៍លង្កា» ហៅវត្តពោធិ៍លើ ក្នុងសង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប គឺ «ដើម្បីពង្រឹងការគ្រប់គ្រង និងការប្រតិបត្តិធម៌វិន័យឱ្យបានល្អប្រសើរ និងបំពេញសទ្ធាជ្រះថ្លា សមជាស្រែបុណ្យដ៏ប្រពៃរបស់ពុទ្ធបរិស័ទ ចាំបាច់ត្រូវរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើងវិញ ស្របតាមពុទ្ធានុញ្ញាត និងពុទ្ធប្បញ្ញត្តិ»

 គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា សូមបញ្ជាក់ថា «កន្លងមកការដឹកនាំគ្រប់គ្រងគណៈសង្ឃក្នុងវត្តពោធិ៍លង្កានេះ មិនមានសាមគ្គីភាព បង្កជាក្រុមបក្សពួក អនាធិបតេយ្យ មិនគោរពធម៌វិន័យបាត់បង់សណ្តាប់ធ្នាប់ និងអភិសមាចារធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ទោះបីមានការអប់រំទូន្មានច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ នៅតែប្រព្រឹត្តមិនបានត្រឹមត្រូវតាមវត្តប្រណិប័តន៍ ថែមទាំងបង្កជាជម្លោះ និងបង្កើតនូវទោសបញ្ញត្តិធ្ងន់ធ្ងរក្នុងផ្លូវវិន័យព្រះពុទ្ធសាសនាថែមទៀតផង»

 គណៈសង្ឃនាយក និងក្រសួងធម្មការ បានបញ្ជាក់ថា «ដើម្បីពង្រឹងការគ្រប់គ្រង និងការប្រតិបត្តិធម៌វិន័យឱ្យបានល្អប្រសើរ និងបំពេញសទ្ធាជ្រះថ្លា សមជាស្រែបុណ្យដ៏ប្រពៃរបស់ពុទ្ធបរិស័ទ ចាំបាច់ត្រូវរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើងវិញ ស្របតាមពុទ្ធានុញ្ញាតនិងពុទ្ធប្បញ្ញត្តិ ធ្វើយ៉ាងណាឱ្យវត្តនេះក្លាយទៅជាបូជនីយដ្ឋាន គួរជាទីគោរពបូជា ទើបតម្រូវឱ្យមានការនិមន្ត និងអញ្ជើញព្រះសង្ឃ អាចារ្យ និងដូនជីទៅស្នាក់អាស្រ័យ នៅតាមបណ្តាវត្តផ្សេងៗជាបណ្តោះអាសន្ន ក្រោយពីបញ្ចប់សង្ឃកម្ម និងកិច្ច ការរដ្ឋបាលរួចរាល់ ទើបអនុញ្ញាតឱ្យចូលមកស្នាក់អាស្រ័យនៅជាប្រក្រតីឡើងវិញ»

 សូមជ្រាបថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅគណៈសង្ឃនាយកបានចេញសេចក្តីសម្រេចបញ្ចប់មុខតំណែង ភិក្ខុ កែវ ខូយ ពីចៅអធិការ, ភិក្ខុ ពេជ្រ ដេវីឌ ពីគ្រូសូត្រស្ដាំ , ភិក្ខុ ស៊ីញ ស៊ឺន ពីគ្រូសូត្រឆ្វេង និងភិក្ខ សេង សុខុម ពីបទវិន័យធម៌ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា សមត្ថកិច្ចបានចុះបិទវត្តជាបណ្តោះអាសន្ន តាមការស្នើសុំរបស់គណៈសង្ឃនាយក។

 សេចក្តីបំភ្លឺនេះ ដើម្បីឱ្យពុទ្ធបរិស័តទាំងក្នុង និងក្រៅប្រទេស កុំមានការយល់ច្រឡំ ឬក៏បំភ្លៃខុសពីការពិត ដើម្បីជៀសវាងការយល់ច្រឡំ និងទប់ស្កាត់អគតិជនមួយចំនួនយកបញ្ហានេះ សម្រាប់កេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រើផលប្រយោជន៍ខាងផ្នែកនយោបាយជាដើម៕