2023-10-27 12:10
449

ខេត្តកណ្ដាល៖ បុរសម្នាក់កំពុងជិះម៉ូតូសុខៗ ស្រាប់តែមានរថយន្តបើកលឿនដូចហោះមកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យបុរសរងគ្រោះខាងលើស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង០៥នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងភូមិពោធិ៍មង្គល  ឃុំព្រែកតាទែន ស្រុកពញាឮ  ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ សាម៉ៃ ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល បើកបរម៉ូតូម៉ាកHONDA DREAM C125 (ឆ្នាំ២០០៨) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1C-9577 ។ ចំណែករថយន្តបង្កហេតុម៉ាក HYUNDAI AERO SPACE (ប្រភេទដឹកអ្នកដំណើរធុនធំ) ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 3D-7240 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)។

ប្រភពដដែលបន្តថា នៅថ្ងៃ-ខែ-ឆ្នាំកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI AERO SPACE (ប្រភេទដឹកអ្នកដំណើរធុនធំ) ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 3D-7240 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បេីកបរមានទិសដៅពីត្បូងទៅជើង លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកចំពីក្រោយម៉ូតូមួយគ្រឿងដែលបើកបរមានទិសដៅស្របគ្នាពីត្បូងទៅជើង ម៉ូតូម៉ាក HONDA DREAM C125 (ឆ្នាំ២០០៨) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1C-9577 បេីកបរដោយឈ្មោះ ប្រាក់ សាម៉ៃ ភេទប្រុស អាយុ ៦២ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល(ពាក់មួកសុវត្ថិភាព-ស្លាប់នៅកន្លែងកើតហេតុ)។ 

ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី។
សេចក្តីសន្និដ្ឋានបឋម: បណ្តាលមកពីអ្នកបើកបររថយន្តបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕