2023-08-26 03:08
162

 

ក្រចេះ÷ ដើម្បីបង្កើនចំណេះដឹងដល់សិស្សានុសិស្សសាលាបឋមសិក្សាក្រគរ ព្រមទាំងប្រជាពលរដ្ឋក្នុងសង្កាត់ក្រគរ-ក្រុងក្រចេះ ឯកឧត្តម កែវ សុជាតិ និងលោកជំទាវ បានផ្ដួចផ្ដើមកសាងអគារបណ្ណាល័យមួយខ្នងស្ថិតនៅខាងមុខជាប់និងរបងសាលាបឋមសិក្សាក្រគរ ដោយមានការអញ្ជើញចូលរួមពីសប្បុរសជនជិត-ឆ្ងាយ បានបរិច្ចាគថវិកាសម្រាប់ការកសាងដែលសរុបថវិការអស់ប្រមាណជិត 4 ម៉ឺនដុល្លារ បណ្ណាល័យនេះមានរៀបចំដាក់សៀវភៅចំនួន 685 ក្បាល រួមនឹងសម្ភារៈមួយចំនួនទៀត។

ពិធីសម្ពោធអាគារបណ្ណាល័យនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី 25 ខែសីហា ឆ្នាំ 2023 ក្រោមវត្តមានឯកឧត្តមអភិបាលខេត្តក្រចេះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម កែវ សុជាតិ និងលោកជំទាវ ព្រមសប្បុរសជនជិត-ឆ្ងាយ លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះឯកឧត្តមកែវ សុជាតិ និងឯកឧត្តមអភិបាលខេត្តក្រចេះ វ៉ា ថនមានប្រសាសន៍រម្លឹកបញ្ជាក់ថា÷ {អរគុណសន្តិភាព} សន្តិភាពបាននាំមកនូវភាពសុខសាន្តជូនប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដ៏ត្រឹមត្រូវនិងឈ្លាសវ៉ៃ ប៉ិនប្រសប់ បានខិតខំពុះពាររាល់ឧបសគ្គដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ។

ដូច្នោះហើយបងប្អូនជនរួមជាតិសូមចូលរួមថែរក្សាការពារ សុខសន្តិភាព ឱ្យខាន់តែបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តម កែវ សុជាតិ ការកកើតអាគារបណ្ណាល័យនេះឡើងមិនមែនជាការចៃដន្យនោះទេគឺកើតឡើងដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្តក្រចេះ ធ្វើយ៉ាងណាដើម្បីដាក់បណ្ណាល័យនេះនៅក្នុងសាលារៀនបឋមសិក្សាក្រគរ ក្នុងគោលបំណងឲ្យក្មួយៗមានលទ្ធភាពបានសិក្សាស្រាវជ្រាវស្វែងយល់ដើម្បីបង្កើនចំណេះដឹងឲ្យបានខ្លាំងក្លា ដោយពីមុនមានការលំបាកណាស់តែបច្ចុប្បន្ននេះមានភាពងាយស្រួលហើយព្រោះបណ្ណាអាល័យនេះនៅជិតសាលា ដោយមានសៀវភៅអានគ្រប់មុខហើយក៏បាននាំមកនូវសៀវភៅថ្មីៗបន្ថែមជាង 4ពាន់ក្បាលទៀតក្នុងនោះក៏មានសៀវភៅច្បាប់ផងដែរ។ឯកឧត្តមអភិបាលខេត្តក្រចេះ វ៉ា ថន វត្តមានឯកឧត្តម-ឧកញ៉ាលោកជំទាវ រួមនិងសប្បុរសជនដែលបានចូលរួមនាឱកាសនេះគឺបានជួយពង្រឹងបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការ-ការប្ដេជ្ញាចិត្តចូលរួមរវាងឯ.ឧ ព្រះរាជអាជ្ញាអាជ្ញាធរខេត្ត-ក្រុង-មន្ទីរអប់រំយុវជន និងកីឡា រួមនិងសប្បុរសជនក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធនានា និងបានពង្រឹងគុណភាពអប់រំក្នុងខេត្តក្រចេះ។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តក្រចេះ បានបញ្ជាក់ថា÷ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបជាពិសេសពលរដ្ឋមានជីវភាពក្រីក្រខ្វះខាត់(ក្រ១ ក្រ២) រួមនឹងស្ត្រីមានផ្ទៃពោះ ដោយទទួលបានសាច់ប្រាក់ឧបត្ថម្ភពីររាជរដ្ឋាភិបាលជាប្រចាំខែ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានផ្ដាំផ្ញើដល់លោកគ្រូ-អ្នកគ្រូ សិក្សានុសិស្ស សូមចូលរួមថែទាំសំអាតអាគារបណ្ណាល័យនេះឲ្យបានឋិតថេរគង់វង្ស តកូនតចៅជាពិសេសនៅថ្ងៃក្រោយមិនត្រូវមានការផ្លាស់ប្ដូរឈ្មោះម្ចាស់អំណោយនោះទេ។

ជាចុងក្រោយគណ:អធិបតីបានចែកអំណោយដល់ប្រជាពលរដ្ឋលោកគ្រូ-អ្នកគ្រូ កម្លាំងសមត្ថកិច្ចរីឯសិស្សានុសិស្ស ទទួលបានសៀវភៅ-កាតាប រួមនិងថវិកាក្នុងម្នាក់5.000 រៀល។
                   ណូរិទ្ធ (ក្រចេះ)