2023-10-05 07:10
377

សេចក្ដីបំភ្លឺព័ត៍មានករណីមនុស្សស្លាប់ ០២នាក់ នៅចំណុចទីតាំងជុំរុំសត្វភេ ក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកថ្មបាំង និងរបាយការណ៍របស់ផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកោះកុង សូមធ្វើការបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧:០០នាទី ម្ចាស់ទីតាំងជំរុំសត្វភេ បានរាយការណ៍ មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីផាតថា មានករណីបាត់ភ្ញៀវទេសចរណ៍មកពីភ្នំពេញចំនួន ០២នាក់ប្រុស មកលេង កម្សាន្តនៅចំណុចជំរំសត្វភេ ស្ថិតក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានឈ្មោះ ដូចខាងក្រោម ៖

១ឈ្មោះ ហេង សុវណ្ណច័ន្ទពេជ្រ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
២. ឈ្មោះ ខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍ជីផាតសហការជាមួយលោកមេភូមិ និងម្ចាស់ទីតាំង បាន ស្វែងរកភ្ញៀវទេសចរណ៍ទាំង ០២នាក់នេះ តែរកពុំឃើញសោះ ។ លុះដល់វេលាម៉ោង ០១:២៧នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ទើបប្រទះឃើញសពជនរងគ្រោះទាំង ០២នាក់ បានអណ្ដែតទឹក នៅជិតកន្លែង កើតហេតុខាងលើ ហើយកម្លាំងជំនាញ និងប្រជាពលរដ្ឋបានស្រង់រក្សាទុកនៅលើកំពង់ទូក រង់ចាំមេឃភ្លឺដើម្បី កម្លាំងជំនាញធ្វើការពិនិត្យកោសល្យវិច្ច័យលើសាកសពទាំង ០២នាក់នេះ រួចនៅវេលាម៉ោង ០៧:០០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ដដែល លោកអធិការរងទទួលការងារព្រហ្មទណ្ឌ លោកនាយប៉ុស្តិ៍រដ្ឋបាលជីផាត សហការជាមួយ គ្រូពេទ្យមណ្ឌលសុខភាពជីផាត អាជ្ញាធរភូមិ ឃុំ និងម្ចាស់ទីតាំង ចូលរួមពិនិត្យសាកសពឃើញថា ៖

១.ឈ្មោះ ខា ប៊ុនណារ៉េត ស្លៀកខោជើងវែងពណ៌កាគី អាវយឺតពណ៌ខ្មៅដៃខ្លី មានពាក់ចិញ្ចៀន ចម្រៀកផ្កាពណ៌ស មានឈាមហូរតាមច្រមុះ និងមាត់ និងស្នាមដាច់រលាត់ត្រង់ម្រាមដៃខាងឆ្វេងមួយកន្លែង ក្រៅពីនោះ ពុំមានអ្វីគួរឱ្យកត់សំគាល់ឡើយ។
២.ឈ្មោះ ហេង សុវណ្ណចន្ទពេជ្រ ស្លៀកខោខូវប៊យជើងវែង ពាក់អាវយឺតពណ៌ខ្មៅដៃខ្លី ដៃពាក់នាឡិកាជ័រ ពណ៌ខ្មៅ ឃើញមានហូរឈាមតាមច្រមុះ ពណ៌ក្រហមផ្កាឈូក។ តាមការពិនិត្យរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សពទាំងពីរពិតជាស្លាប់ដោយសារលង់ទឹកដោយខ្លួនឯង មិនពាក់ពន្ធ័នឹងអំពើឃាតកម្មឡើយ។ ចំពោះសាកសពទាំងពីរបានដឹកតាមគោយន្ដយកទៅតម្កល់ ទុកនៅវត្តសុវណ្ណឥសី (ហៅវត្តជីផាត) រងចាំសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ វេលាម៉ោង ១៤:២៤នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សាច់ញាតិបានមកទទួលយកសំណើរទៅធ្វើបុណ្យនៅស្រុកកំណើត។ ដើម្បីបញ្ជាក់ឱ្យបានកាន់តែច្បាស់អំពីមូលហេតុស្លាប់របស់ជនរងគ្រោះទាំង ០២នាក់ខាងលើមនៅថ្ងៃទី២៧) ខែកញ្ញា ឆ្នាំ២០២៣ លោកស្នងការបានបង្កើតក្រុមការងារចុះស្រាវជ្រាវស៊ើបអង្កេត ដល់កន្លែងកើតហេតុ ដែលមាន សមាសភាពដូចខាងក្រោម ៖ ១-លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ២-លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ៣-លោកឧត្តមសេនីយ៍ត្រី ឃឹម សាណ ស្នងការរង ផែនការងារព្រហ្មទណ្ឌ ៤-លោកវរសេនីយ៍ឯក ឡាយ ទីរ៉ូ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងលោកអធិការអធិការរងជំនាញព្រហ្មទណ្ឌស្រុកថ្មបាំង ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជីផាត ចូលរួមរុករកភស្តុតាងបន្ថែម។ ក្រោយពីចុះពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវស៊ើបអង្កេតរបស់ក្រុមការងារដែលដឹកនាំដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង បានរកឃើញថាមានតម្រុយ និងភស្តុតាងបន្ថែម នៅក្នុងកំណត់ហេតុពិនិត្យសាកសាព ឃើញមានស្នាមដាច់រលាត់ម្រាមដៃខាងឆ្វេងរបស់ឈ្មោះ ខាត់ ប៊ុនណារ៉េត ដែលជាជនរងគ្រោះ ហើយបានអញ្ជើញ សមាសសភាពពាក់ព័ន្ធ មានម្ចាស់ទីតាំង សមាជិកគ្រួសារ កូនជាង និងប្រធានមណ្ឌលសុខភាពជីផាត មកសួរនាំឃើញថា ម្ចាស់ទីតាំង ឈ្មោះ ឌុក វណ្ណី ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកកន្លែងទីតាំងផ្ទះទទួលភ្ញៀវទេសចរណ៍ ស្ថិតនៅចំណុចជំរំសត្វភេ ក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានតខ្សែភ្លើងភ្ជាប់តាមខ្សែពួរ ឆ្លងទៅ ត្រើយម្ខាងស្ទឹង ដើម្បីឱ្យកូនជាងកាត់ឈើធ្វើរោងសម្រាប់ផ្ញើរម៉ូតូភ្ញៀវ ហើយធ្វើឱ្យឆក់ជនរងគ្រោះឈ្មោះ ខាត់ ប៊ុនណារ៉េត រូចឈ្មោះ ហេង សុវណ្ណចន្ទពេជ្រ ចូលទៅជួយក៏បណ្តាលឱ្យឆក់ខ្សែភ្លើងទាំង ០២នាក់ រួចធ្លាក់ចូលក្នុងទឹកស្ទឹងលង់ស្លាប់ ដូចនេះអំពើរបស់ជនសង្ស័យ ឈ្មោះ ឌុក វណ្ណី គឺជាការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ដែលបណ្ដាលឱ្យភ្ញៀវ ទេសចរណ៍ដែលជាជនរងគ្រោះឈ្មោះ ខាត់ ប៊ុនណារ៉េត និង ឈ្មោះ ហេង សុវណ្ណច័ន្ទពេជ្រ ឆក់ខ្សែភ្លើង និងធ្លាក់ទឹក លង់ស្លាប់ នៅចំណុចជំរំសត្វ ស្ថិតក្នុងភូមិកំពត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាបទល្មើស មនុស្សឃាតដោយអចេតនា តាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ។

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបំពេញសំណុំរឿង និងជនសង្ស័យ ឈ្មោះ ឌុក វណ្ណី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីដំណើរការនីតិវិធីបន្ត ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ទើបសាលាដំបូងខេត្តកោះកុង ចេញដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ២៩៧ ត.៧/២៣ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដោយលោក ប្រសើ រ៉ឌី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង។អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាទទួលជ្រាបតាមការគួរ