2023-12-27 06:12
113

(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាពក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ព្រមទាំងបានណែនាំចំណុចមួយចំនួន ដើម្បីពង្រឹងការអនុវត្តគោលនយោបាយនេះឱ្យបានល្អប្រសើរតទៅមុខទៀត។
    កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខណ្ឌ នាយករងរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ប្រធានការិយាល័យទាំង១១ ចៅសង្កាត់ទាំង៧ ប្រធានផ្សារទាំង២ផងដែរ។
    អភិបាលខណ្ឌ សុខ សម្បត្តិ បានណែនាំដល់សមាសភាពចូលរួមខាងលើនេះ សូមបន្តចូលរួមអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ស្របតាមអនុសាសន៍ណែនាំរបស់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
   លោកបានបញ្ជាក់ថា ការអនុវត្តបានល្អនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព គឺជួយសម្រួលដល់ការរស់នៅ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជំរុញជីវភាពរបស់ពួកគាត់ឱ្យកាន់រីកលូតលាស់ កាត់បន្ថយនិងលុបបំបាត់បទល្មើសផ្សេងៗ ល្បែងស៊ីសង អំពើហិង្សាជាដើម។
   លោកអភិបាលខណ្ឌ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលចំណុះឱ្យខណ្ឌបឹងកេងកង កម្លាំងសមត្ថកិច្ចក្នុងខណ្ឌ ក៏ដូចជាអ្នកពាក់ព័ន្ធដទៃទៀត ដែលបានខិតខំអនុវត្តគោល នយោបាយភូមិសង្កាត់មានសុវត្ថិភាព តែសូមបន្តធ្វើឱ្យបានល្អនិងជាប់ជាប្រចាំតទៅទៀត ដើម្បីមូលដ្ឋានខណ្ឌបឹងកេងកងមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក៏ដូចជាភាពសុខសាន្តក្នុងសង្គមជាតិទាំងមូលផងដែរ៕