2023-08-15 03:08
146

 

ខេត្តព្រះសីហនុ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាប់ចោទចំនួន ៨នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស( វាយគ្នាទៅវិញទៅមក )។ នេះបើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ 

ប្រភពដដែលបន្តថា អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានកសាងសំណុំរឿងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( វាយគ្នាទៅវិញទៅមក ) កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២០និង៣០នាទីយប់ ស្ថិតនៅចំណុច រង្វង់មូលតោ២ ក្រុម១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើងដោយអ្នករត់ម៉ូតូផាស់អាប់ចំនួន០២ក្រុមបានវាយគ្នាទៅវិញមក និងដកហូតវត្ថុតាង ដាវកែឆ្នៃ និងដែកដៃហ្រ្វាំង ម៉ូតូផាសអាប់ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ។ 

មន្ត្រីជំនាញ បានឱ្យដឹងទៀតថា រហូតដល់ថ្ងៃទី១៤ ខែសីហាម្សិលមិញនេះ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់អោយឃុំខ្លួនលើជនសង្ស័យចំនួន០៨នាក់ ខាងលើពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក)” នៅពន្ធនាគារខេត្តព្រះសីហនុ រួចរាល់ហើយ ៕