2023-10-22 12:10
299

(សៀមរាប)៖ លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកាគណៈចលនាសាសនិកឥស្លាម ព្រមទាំងមានការចូលរួមពីសំណាក់លោក ភន់ សុខុម អភិបាលស្រុកអង្គរជុំ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២២០៣នេះ បាននាំយកនូវអំណោយមនុស្សធម៌របស់គណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និងរដ្ឋបាលស្រុកអង្គរជុំ ដើម្បីចែកជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១០គ្រួសារ (ដោយក្នុងនោះមានប្រជាពលរដ្ឋខ្មែឥស្លាមចំនួន៥គ្រួសារ) រស់នៅក្នុងភូមិក្បាលចាម និងភូមិចារឈូក ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។
    លោក អែល សៀត បានលើកឡើងថា ដោយមើលឃើញការលំបាកខ្វះខាតរបស់គ្រួសារប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ រួមមានទាំងគ្រួសារសាសនិកខ្មែរឥស្លាមនោះ លោកបានកៀរគរសប្បុរសជនតាមរយៈគណៈចលនាសាសនិកឥស្លាមខេត្ត បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅតាមលទ្ធភាព ដើម្បីនាំយកមកចែកជូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ទឹកជំនន់នាពេលនេះ។
    លោក អែល សៀត បានបន្តថា នៅក្នុងរដូវវស្សានេះ ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានតែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់គិតគូរចំពោះជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលាជានិច្ច។ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលមានកូនតូចៗត្រូវប្រុងប្រយ័ត្នជានិច្ច និងការពារឱ្យបានខ្ពស់បំផុត ពិសេសចំពោះកុមារតូចៗដែលពុំទាន់ចេះហែលទឹក ព្រោះថាពេលនេះទឹកទន្លេ ស្ទឹងកំពុងឡើងខ្លាំង ដូចនេះវាងាយនឹងជួបនូវឧទ្ទវហេតុផ្សេងៗ ដូចជាគ្រោះលង់ទឹកជាដើម។
    លោក អែល សៀត បានបន្តទៀតថា សូមបងប្អូនសាសនិកឥស្លាមទាំងអស់ ត្រូវមានការទំនាក់ទំនងជារដ្ឋបាលក្រុង/ស្រុក ក៍ដូចជាភូមិ/ឃុំ បើសិនជាមានបញ្ហាប្រឈមផ្សេងៗ ដើម្បីងាយស្រួលដល់ថ្នាក់ដឹកនាំបានចុះទៅជួយ និងធ្វើការដោះស្រាយជូនទៅតាមលទ្ធភាព។
 ក្នុងឱកាសនោះដែរ លោក ភន់ សុខុម អភិបាលស្រុកអង្គរជុំ ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវអនាម័យគឺ ការហូបស្អាត ការផឹកស្អាត រស់នៅស្អាត ក្នុងគោលបំណងបញ្ចៀសឱ្យបានរាល់ជំងឺផ្សេងៗ កុំឱ្យកើតមានឡើង នៅក្នុងក្រុមគ្រួសាររបស់យើង។
  ជាមួយនេះដែរ អំណោយដែលចែកប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ទាំង១០គ្រួសារ (ប្រជាពលរដ្ឋខ្មែឥស្លាមចំនួន៥គ្រួសារ) ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ៤យួរ សារុង១ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕