2024-03-26 01:03
53

(កែប) ៖    កាលពីថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២៤នេះលោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែបបានប្រាប់ឱ្យដឹងថាបើយោងតាមរបាយការណ៍ស្តីពីការធ្វើពាណិជ្ជកម្មផលិតផលផ្លែស្វាយកែវរមៀត របស់មន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ថា ត្រឹមត្រីមាសទី១ ឆ្នាំនេះ ស្វាយកែវរមៀតរបស់ខេត្តកែប រដូវប្រមូលផលលើកទី១ ឆ្នាំ ២០២៤ នាំចេញបានចំនួន ៧.៧៥០តោន មានការកើនឡើងបានចំនួន ៣.៥០០តោន ស្មើនឹង ៨២ ភាគរយ បើប្រៀបធៀបនៅក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ដែលនាំចេញបានចំនួន ៤.២៥០តោនប៉ុណ្ណោះ។

លោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងតម្លៃស្វាយកែវរមៀតស្រោប ដែលប្រជាកសិករលក់បាននៅក្នុងរង្វង់ចាប់ពី ៩០០រៀល ឡើងទៅ ១.១០០រៀល ក្នុងមួយគីឡូក្រាម ក្នុងតម្លៃផ្លែស្វាយកែវរមៀតខៀវក្នុងរង្វង់ចាប់ពី ៣៥០រៀល ទៅ ៥៥០រៀល ក្នុងមួយគីឡូក្រាម ក្នុងនោះទីផ្សារនាំចេញ មានប្រទេសវៀតណាម និងប្រទេសថៃ។

ទោះជាយ៉ាងណាលោក ឯម រតន៍ មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា បើគិតត្រឹមក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះដោយមិនមានការកកស្ទះផលិតផលផ្លែស្វាយកែវរមៀតដែលបាននាំចេញនៅលើទីផ្សារនោះទេ។

គួរបញ្ជាក់ថា តំបន់ភ្នំវល្លិ៍ នៃស្រុកដំណាក់ដំណាក់ចង្អើរ ខេត្តកែប ជាជម្រុកផលិតផលកសិកម្មចម្រុះ ដែលមានដំណាំរាប់សិបមុខ និងដំណាំទៅតាមរដូវកាល តែដោយសារផ្ទៃដីផលិតតូចចង្អៀត ផលដំណាំទាំងនោះមិនទាន់ចាត់ចូលជាដំណាំទំនិញយុទ្ធសាស្រ្ត ដោយក្នុងនោះមានតែពីរមុខប៉ុណ្ណោះដែលរាប់បញ្ជូលមានស្វាយ និងម្រេច។(សឹង រ៉ាត់)