2024-03-19 03:03
55

ខេត្តប៉ៃលិន ៖ ដើម្បីត្រៀមអបអរសាទរនៅក្នុងឪកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនិងជិតឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ នៅព្រឹកថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរខេត្តប៉ៃលិន បានធ្វើការសម្អាតនៅតាមដងស្ទឹងតារាប ស្ថិតនៅក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន  ក្នុងនោះក៏បាននាំយកគ្រឿងចក្រ ឈូសពង្រាប ថ្មនៅបាតស្ទឹងនិងធ្វើទំនប់ទប់ទឹក សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋយើងជិះទូកនិងហែល លេងកម្សាន្តផងដែរ ។ 

 បើតាម លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថាការនាំយកគ្រឿងចក្រមកឈូសពង្រាបដី និងថ្មនៅក្នុងបាតស្ទឹងតារាបនាពេលនេះគឺដើម្បីបង្កើននូវ             សោភណ្ឌភាព ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ឱ្យចូលមកលេងកម្សាន្តនាឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះកាន់តែច្រើនឡើងថែមទៀត ខណៈ ដែលនៅថ្ងៃសង្ក្រាន្តឆ្នាំថ្មី២០២៤ រដ្ឋបាលខេត្តប៉ៃលិនក៏បានរៀបចំទីតាំងសម្រាប់ប្រជាពលរដ្ឋ រាំលេងកម្សាន្ត ដោយមានសង់រោង នៅក្នុងស្ទឹងកន្លែងគ្មានទឹកដែលបានឈូសឆាយរួចរាល់ មិនតែប៉ុណ្ណោះ ក៏មានទុកប្រឡាយទឹក សម្រាប់ឲ្យប្រជាពលរដ្ឋចុះងួតលេងយ៉ាង សប្បាយផងដែរ ។

 ទន្ទឹមនិងនោះលោកសង្ឃឹមថា នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ និងមានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ នាំគ្នាចូលមកលេងកម្សាន្តនៅក្នុងឧកាសសង្ក្រាន្ត ឆ្នាំថ្មី ឆ្នាំ២០២៤ កាន់តែច្រើនឡើងថែមទៀត ក្នុងបរិយាកាសដ៏សែនសប្បាយរីករាយជាទីបំផុត ។