2023-09-05 05:09
184

ភ្នំពេញ ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បុរសម្នាក់បានគាបជាប់កាប៊ីនរថយន្តត្រូវបានប្រជាពលរដ្ឋជួយគាស់និងដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបេីករថយន្តដឹកអង្ករពីកំពុងឆ្នាំងមកភ្នំពេញ សង្ស័យងងុយដេកខ្លាំងបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុនោះគេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3B-2545 បានធ្វើដំណើរតាមបណ្ដោយជាតិលេខ៥ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្ន និងសង្ស័យតៃកុងងងុយដេកផងនោះ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរបាំងថ្មបាក់វៀចអស់៧កង់ រីឯរថយន្តបង្កខ្ទេចមួយកំណាត់គាបជាប់តៃកុងនៅក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់ និងអង្ករខ្ទេចធ្លាក់ពេញផ្លូវផងដែរ ។ 

    ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កដែលរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិត ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាយ័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នាតាមក្រោយ ៕