2023-09-24 11:09
171

ភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ៣គ្រឿង ចុះទៅបើកទ្វាររថយន្តថៅកែសិប្បកម្ម ជាជនជាតិចិនម្នាក់លួចយកលុយអស់ជាង២មុឺនដុល្លា ឡើងជិះម៉ូតូ គេចខ្លួនបាត់អស់ ខណៈជនរងគ្រោះវិលត្រឡប់មកពីបើកលុយនៅធនាគារវិញ ហេីយឈប់រថយន្តចុះទៅមើលកង់បែក បង្កការភ្ញាក់ផ្អេីល នៅមុខសិប្បកម្មកាត់ដេរ តាមផ្លូវបេតុង ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។


​​​   តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាជនជាតិចិន ជាម្ចាស់សិប្បកម្មកាត់ដេរសុីថ្ងៃ ស្នាក់នៅកន្លែងកើតហេតុ បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 1AL-5109 វិលត្រឡប់មកពីដកលុយនៅធនាគារ ដើម្បីបើកជូនកម្មករ នៅល្ងាចថ្ងៃសៅរ៍នេះ គ្រាន់តែបើករថយន្តមកដល់ខាងមុខសិប្បកម្មភ្លាម ដូចជាចៃដន្យពេក រថយន្តបានបែកកង់ខាងស្តាំ ស្របពេលនោះ មានជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា៤នាក់ ដែលជិះម៉ូតូចំនួន៣គ្រឿង ប្រាប់ជនរងគ្រោះ រឿងបែកកង់រថយន្ត គ្រាន់តែជនរងគ្រោះចុះទៅមើលកង់រថយន្ត មុតដែកគោល ក៏មានជនសង្ស័យម្នាក់ផ្សេងទៀតរត់ឆ្លងផ្លូវទៅបើកទ្វាររថយន្តពីខាងឆ្វេង លួចយកលុយអស់ជាង២មុឺនដុល្លារ បានសម្រេច នាំគ្នាគេចខ្លួនបាត់ស្រមោល ។
    តាមប្រភពមួយផ្សេងទៀតបានឲ្យដឹងថា ក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ៣គ្រឿង ប្រើល្បិចធ្វើជារកទិញរថយន្ត នៅការ៉ាស់ក្បែរនោះ ស្របពេលដែលឃើញរថយន្តជនរងគ្រោះមកដល់ បែកកង់ ប្រាប់ម្ចាស់ រវល់ចុះមើលកង់រថយន្តពីខាងស្តាំ ជនសង្ស័យម្នាក់រត់ឆ្លងផ្លូវ ទៅបើកទ្វាររថយន្តពីខាងឆ្វេង លួចយកលុយគេចទៅបាត់ ។
ក្រោយកើតហេតុជនរងគ្រោះ រាយការណ៍ប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងកើតហេតុរួចនាំជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ ដើម្បីបន្តធ្វើការស្រាវជ្រាវ ៕