2023-11-16 05:11
290

ភ្នំពេញ៖     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចមុខផ្សារបឹងបៃតង តាមបណ្តោយវិថីឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ 

រថយន្តឡង់គ្រីស័រមួយគ្រឿងខណៈបើកបរបន្ថយល្បឿនស្រាប់តែមានរថយន្តចំនួនពីរគ្រឿងទៀតបើកបរមកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកតកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាត។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AE 8027 ធ្វើដំណើរតាមបណ្តោយវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុដោយសារតែខាងមុខមានរថយន្តឆ្លងកាត់ក៏បន្ថយល្បឿនភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C 1940 ជ្រុលបុកពីក្រោយភ្លាមនោះទៀតស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយឃ្លប់មួយគ្រឿងទៀតពណ៌សលាយខៀវពាក់ស្លាកលេខកោះកុង3A 0659 មកបុកបន្តកន្ទុយថែមទៀតគាបជាប់គ្នាទាំង៣គ្រឿងបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុបាញ់ថ្នាំរួចឱ្យរថយន្តទាំងបីគ្រឿងអែបខាងដើម្បីសម្រួលគ្នាជៀសវាងកកស្ទះចរាចរណ៍៕