2024-03-22 05:03
46

ភ្នំពេញ៖ នាយនគរបាលជាន់ខ្ពស់ មានតួនាទីជា «អនុប្រធាននាយកដ្ឋាន» ម្នាក់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវមានជាតិអាល់កុល កម្រិត ០,៥២ មីលីក្រាមក្នុង១លីត្រខ្យល់ មិនព្រមសហការជាមួយកម្លាំងនគរបាលគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ ត្រង់ចំណុច រង្វង់មូល សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ក្នុងសង្កាត់ចតុម្មុខ និងបានយកដៃរុញដើមទ្រូងមន្ត្រីនគរបាលជានារីឈានដល់ការប្រតាយប្រតប់គ្នា ទើបកម្លាំងនគរបាលប្រចាំគោលដៅបង្ខំចិតវាយខ្នោះបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ  ដើម្បីអនុវត្តតាមនីតិវិធី។

 នេះបើយោងតាមការបង្ហោះលើបណ្តាញទំនាក់ទំនងទំនងសង្គមផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ នេះ។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំដែងសោកស្ដាយជាពន់ពេកចំពោះករណីនេះ ជាពិសេស នៅពេលដែលអ្នកបញ្ជារថយន្តជា «នគរបាលជាតិ» មានឋានៈជា «អនុប្រធាននាយកដ្ឋាន» ទៅទៀត។

 ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសរសេរយ៉ាងដូច្នេះ យប់មិញនេះ ឯកឧត្តមទទួលរបាយការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ មកថា «នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២៣និង៣៣នាទី  នៅចំណុច គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ ត្រង់ចំណុច រង្វង់មូលសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ មានករណីមន្រ្តីនគរបាលម្នាក់ ឈ្មោះ យ៉ាន ប៊ុនថន ជាអនុប្រធាននាយកដ្ឋាន បានបើករថយន្ត ម៉ាក ឡង់គ្រីស័រ ពាក់ផ្លាកលេខ ភ្នំពេញ 2L-8668 ក្នុងអាការៈស្រវឹង»។ 

 ឯកឧត្តមសន្តិបណ្ឌិត ស សុខា បានសរសរបន្ថែមទៀតថា «ដោយឃើញស្ថានភាពដូច្នេះ សមត្ថកិច្ចបានអនុវត្តនីតិវិធីត្រួតពិនិត្យជាតិអាល់កុល ក៏ប៉ុន្តែលោកមិនព្រមសហការទេ ផ្ទុយទៅវិញបែរជាយកទូរសព្ទព្យាយាមថតកម្លាំងនគរបាលជានារី។ កម្លាំងនគរបាលបានព្យាយាមពន្យល់ម្ដងហើយម្ដងទៀតឱ្យសហការ និងបានហាមឃាត់កុំឱ្យថត តែបុគ្គលនេះនៅតែជជែងតវ៉ា រហូតដល់បានយកដៃរុញដើមទ្រូងនគរបាលនារី ក៏នាំឱ្យកើតមានការប្រតាយប្រតប់។ ភ្លាមនោះ កម្លាំងនគរបាល ក៏បង្ខំចិត្តចាប់ជននោះវាយខ្នោះ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ  ដើម្បីអនុវត្តតាមនីតិវិធី។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានត្រួតពិនិត្យឃើញបុគ្គលនេះ មានជាតិអាល់កុល កម្រិត ០,៥២ មីលីក្រាមក្នុង១លីត្រខ្យល់»

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា «បន្ទាប់ពីទទួលបានរបាយការណ៍ខាងលើនេះ និងដោយបានពិនិត្យយ៉ាងម៉ត់ចត់នូវវីដេអូផ្ញើភ្ជាប់ ខ្ញុំពិតជាមានសេចក្ដីសោកស្ដាយជាពន់ពេកចំពោះករណីនេះ ជាពិសេសនៅពេលដែលអ្នកបញ្ជារថយន្តជានគរបាលជាតិ មានឋានៈជាអនុប្រធាននាយកដ្ឋានទៅទៀត»។ ឯកឧត្តមបានសេរសរបញ្ជាក់ថា “លោកធ្លាប់បញ្ជាក់ច្បាស់ហើយថា មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ដែលហៅថា «សមភាពចំពោះមុខច្បាប់»។ សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចគ្នាដែរ គឺជនគ្រប់រូបដែលប្រព្រឹត្តខុសច្បាប់ នឹងត្រូវទទួលការអនុវត្តច្បាប់ដោយគ្មានយល់យោគ”។