2023-10-23 10:10
378

(កែប) ៖   នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ចរបស់ ក្លឹបអ្នកកាសែតកម្ពុជា និងសមាគមន៍អ្នកសារព័ត៌មានថៃ មកកាន់ខេត្តកែបនេះ ឯកឧត្តម អភិបាលខេត្តកែបបានមានមតិសំណេះសំណាលរួចហើយ ក្រុមប្រតិភូ បានអញ្ជើញទៅទស្សនកិច្ចនៅបណ្តាទីតាំងសក្តានុពលនៅក្នុងខេត្តកែបមានចំនួន៣ទីតាំង ទី១ នៅតំបន់ឧទ្យានជាតិខេត្តកែប និងទី២. តំបន់ភ្នំវល្លិ៍ និងទី៣ តំបន់ឆ្នេរអង្កោល ។

នៅជាមួយគ្នានេះទៅតាមការអញ្ជើញរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងដំណើរទស្សនកិច្ចរបស់ក្លឹបអ្នកការសែតកម្ពុជា និងសមាគមន៍អ្នកសាពត៍មានថៃ មកកាន់ខេត្តកែបចំនួនពីថ្ងៃនេះ គឺចាប់ពីថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២៣នេះ ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកាសែតកម្ពុជា និងលោក Mongkol  Bangprapa ប្រធានសមាគមន៍សារព័ត៌មានថៃ ដោយទទួលស្វាគមន៍និងជូនដំណើរដោយផ្ទាល់ពីសំណាក់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្ទីរអង្គភាពជុំវិញខេត្តកែប។

ថ្លែងនាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានប្រសាសន៍ថាខេត្តកែបមានចក្ខុវិស័យច្បាស់លាស់ណាស់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយនេះស្ថិតក្នុងសៀវភៅផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ ដើម្បីប្រែក្លាយខេត្ដកែប ជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណិតកម្រិតខ្ពស់ ប្រកបដោយគុណភាព ភាពទាក់ទាញ ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ នៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងដំណើរប្រធានក្លឹបអ្នកកាសែតកម្ពុជានិងសមាគមអ្នកសារព័ត៌មានថៃបានមកទស្សនកិច្ចមកកាន់ខេត្តកែប ចំនួន២ថ្ងៃនេះ យើងបាននាំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្លឹបអ្នកសារព័ត៌មានទាំងពីរប្រទេស ទៅកាន់តំបន់សក្តានុពលរបស់ខេត្ត មានតំបន់ទីក្រុងកែបចាស់ (ឧទ្យានជាតិកែប) តំបន់ភ្នំវល្លិ៍ (ជង្រុកកសិ-ទេសចរណ៍) និងតំបន់អង្កោល ដែលទាំងនេះជាតំបន់ប៉ូល អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ក្នុងសៀវភៅផែនការមេផងដែរ។

ក្រោយបញ្ចប់ទស្សនកិច្ចនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបក៍បានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ដែលជាគណៈប្រតិភូ ចូលរួមផ្សព្វផ្សាយទីតាំងសក្តានុពលទាំងនេះ ទៅកាន់មហាជនអោយបានកាន់តែទូលំទូលាយថែមទៀត។

ទោះជាយ៉ាងណាលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានសម្តែងការអរគុណ និងសាទរចំពោះសមិទ្ធផលដែលខេត្តកែបបានសម្រេច នាពេលកន្លងមក និងកំពុងបន្តដំណើរអភិវឌ្ឍន៍លើវិស័យនានាបន្ថែមទៀត ក្នុងនោះលោកបានស្នើរអោយអ្នកសារព័ត៌មានទាំងអស់ ចូលរួមរំលេចបន្ថែមនូវចំណុចពិសេសៗដែលខេត្តកែបមាន ដូចជាខ្យល់បរិសុទ្ធដែលអាចព្យាបាលជំងឺផ្លូវដង្ហើម និងស្រ្តេស និងចំណុចវិជ្ជមានជាច្រើនទៀត ឆ្លងកាត់ដំណើរទស្សនកិច្ចលើកនេះ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់អាហារសាមគ្គីនៅឆ្នេរអង្កោល នៃភូមិសាស្រ្ត ស្រុកដំណាក់ចង្អើរ អភិបាលខេត្តកែប និងគណៈប្រតិភូ បានចូលរួមប្រលែងក្តាមមេពូជចូលទៅក្នុងសមុទ្រវិញជានិមិត្តរូប តាមរយៈសាលាក្តាមរបស់សហគមន៍នេសាទអង្កោលផងដែរ។(សឹង រ៉ាត់)