2024-02-01 11:02
66

ស្វាយរៀង៖ គិតត្រឹមព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះ ករណីឃាត់រថយន្តកុងតឺន័រ ចំនួន ០៤គ្រឿង របស់ក្រុមហ៊ុន SBL នៅខេត្តស្វាយរៀង ដោយសង្ស័យដឹកជញ្ជូនបំណែកសាច់បង្កកដោយខុសច្បាប់នោះ កម្លាំងសមត្ថកិច្ចចម្រុះក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការកាត់សៀលពិនិត្យឃើញថា រថយន្តទាំង ០៤គ្រឿង បានដឹកជើងមាន់បង្កក ប៉ុន្តែមន្ត្រីជំនាញពិនិត្យរកមិនឃើញមានផ្ទុកសារធាតុហាមឃាត់ FORMALIN ដែលនាំឱ្យប៉ះពាល់ដលុសុខភាពអ្នកប្រើប្រាស់នោះទេ។

តាមរបាយការណ៍របស់សមត្ថកិច្ចចម្រុះ បានបង្ហាញថា ក្នុងប្រតិបត្តិការបង្រ្កាបរថយន្តកុងតឺន័រ ចំនួន ០៤គ្រឿង ដោយកម្លាំងសមត្ថកិច្ចចម្រុះនេះ រួមមាន៖ មន្រ្តីសាខាគយ និងរដ្ឋាករ មន្រ្តីកាំងកុងត្រូល កងរាជអាវុធហត្ថ អាជា្ញធរខេត្តស្វាយរៀង ក្រោមការបញ្ជារបស់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឃាត់រថយន្តសណ្ដោងកុងតឺន័រទាំងនេះ ត្រង់ចំណុច នៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុង-ខេត្តស្វាយរៀង។

របាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា អ្នកបើកបររថយន្ត កុងតឺន័រទាំង ០៤គ្រឿង រួមមាន៖ ទី១- ឈ្មោះ ផាត ជាតិ លេខកុងទីន័រ SZLU9415762 (45') ពាក់ស្លាកលេខ ភ្នំពេញ 3E-7413 ។ ទី២- អ្នកបើកបរ ឈ្មោះ មុំ សូត្រ លេខកុងទីន័រ HMMU5490786 (45') ពាក់ស្លាកលេខ ភ្នំពេញ 3F-0648។ ទី៣- អ្នកបើកបរ ឈ្មោះ សោម វុទ្ធី លេខកុងទីន័រ SZLU9430540 (45') ពាក់ស្លាកលេខ ភ្នំពេញ 3F-9610 និង ទី៤- អ្នកបើកបរ ឈ្មោះ សេង សុវណ្ណដេត លេខកុងទីន័រ HDMU5591398 (45') ពាក់ស្លាកលេខ ភ្នំពេញ 3B-6322។

អ្នកបើកបររថយន្តកុងតឺន័រទាំង ០៤គ្រឿង បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា រថយន្តទាំងនេះ របស់ក្រុមហ៊ុន SBL ដឹកទំនិញទាំងនេះនាំចូលពីប្រទេសវៀតណាមហើយផ្ទេរទូរកុងតឺន័រ នៅចំណុចសូន្យចូលមកកម្ពុជាតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត។ ចំណែក លោក ពេញ សារ៉េត អាយុ ៤០ឆ្នាំ មានអាសយដ្ឋាន នៅចោមចៅ រាជធានីភ្នំពេញ បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រងកុងតឺន័រទាំង ០៤នេះ និងមិនបានដាក់ឯកសារ (ដឹកទំនិញ) មកជាមួយតាមឡានទេហើយទំនិញទាំងនេះមានទិសដៅទៅច្រកដូងបន្តទៀត។ 

ក្រោយពេលឃាត់រថយន្តកុងតឺន័រទាំង០៤គ្រឿង នៅវេលាម៉ោង ១០និង១៥នាទី យប់ថ្ងៃទី៣១ ខែមករា មន្ត្រីជំនាញ ក.ប.ប ដោយបានសហការជាមួយមន្ត្រីពាក់ព័ន្ធបានកាត់សៀលលើកុងតឺន័រត្រួតពិនិត្យលទ្ធផលបង្ហាញថា មានផ្ទុកជើងមាន់បង្កកនៅក្នុងទូកុងតឺន័រ ដូចខាងក្រោម៖ កុងតឺន័រលេខ SZLU9430540 (45) មានសីតុណ្ហភាព-៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។ កុងតឺន័រ លេខ SZLU9415762 (45) មានសីតុណ្ហភាព-២.៩ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។ កុងតឺន័រលេខ HMMU5490786 (45) មានសីតុណ្ហភាព-៦៤ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។ កុងតឺន័រលេខ HDMU5591398 (45) មានសីតុណ្ហភាព-២.៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។

ក្រោយពីធ្វើការពិសោធន៍ក្នុងមន្ទីរពិសោធន៍ចល័យរបស់ ក.ប.ប. ជាលទ្ធផលនៃសំណាកគំរូជើងមាន់ដែលបានដកចេញពីទូរកុងតឺន័រទាំងបួនឃើញថា «ពុំមានសារធាតុគីមីហាមឃាត់ FORMALIN» នោះទេបន្ទាប់ពីបានពិនិត្យរួចបានសម្រេចបិទសៀលទូរកុងតឺន័រវិញ៕