2023-04-29 09:04
519

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ មន្ត្រីជំនាញបានបញ្ជូនជនសង្ស័យ ចំនួន១១នាក់ គោយន្តកន្ត្រៃដឹកឈើ ចំនួន១៣គ្រឿង ក្នុងនោះអត់មានឈើ០២គ្រឿង បញ្ជូនទៅស្ថាប័នអយ្យការដើម្បីអនុវត្តនីតិវិធីច្បាប់។

តាមរបាយការណ៍របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឱ្យដឹងថា ចំពោះឈើចំនួន០៦ឡាន ដែលកម្លាំងរកឃើញនៅក្រុមហ៊ុន «ស៊ីង បាយអូថេក» មន្ត្រីជំនាញនឹងបើកអង្កេតបឋមដើម្បីស្រាវជ្រាវរកអ្នកទទួលខុសត្រូវ និងអ្នកដែលមានការពាក់ព័ន្ធបន្តទៀត។

ក្រុមការងារគណៈកម្មការជាតិ ដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ភូមិសាស្ត្រខេត្តកំពង់ធំ ,ស្ទឹងត្រែង និងព្រះវិហារផងដែរ។

ក្រុមការងារគណៈកម្មការជាតិ ដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានការចូលរួមមានតំណាងនគរបាលជាតិ ,រដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ,តំណាងក្រសួងបរិស្ថាន ,កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ខេត្តដឹកនាំដោយអភិបាលរងខេត្ត, ស្នងការរងនគរបាល, ប្រធានមន្ទីរបរិស្ថាន, អនុប្រធានមន្ទីរកសិកម្ម, ខណ្ឌរដ្ឋបាលព្រៃឈើ, កងរាជអាវុធហត្ថខេត្ត, ព្រះរាជអាជ្ញារងអមសាលាបូងខេត្ត។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តបានប្រជុំរៀបចំកម្លាំងរុករកស្រាវជ្រាវរកវត្ថុតាង ចុះស្រាវជ្រាវគល់ឈើដែលបានកាប់បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ និងដាក់បន្ទុកទៅលើឈើនៅក្នុងក្រុមហ៊ុនថាតើផែនការមេនៅក្នុងក្រុមហ៊ុនមានឈួសមានឆាយ និងមានគាល់ឈើឬអត់? ហើមមន្ត្រីជំនាញក៏ចុះត្រួតពិនិត្យក្រុមហ៊ុន និងឱ្យក្រុមហ៊ុនបង្ហាញឯកសារពាក់ព័ន្ធឈើទាំង០៦ឡានថាតើក្រុមហ៊ុនបានឈើនេះមកពីណា? ដើម្បីឱ្យមន្ត្រីនគរបាលយុត្តិធម៌មានសិទ្ធអំណាចស្រាវជ្រាវដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តិល្មើស។

សកម្មភាពបង្ក្រាបបទល្មើសទ្រង់ទ្រាយដែលប្រើប្រាស់កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថភ្នំជំរាយជិត២០០នាក់ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ ស សំបូរធន់ នាយកសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រដាប់ដោយអាវុធគ្រប់ដៃចុះប្រតិបត្តិការទាំងយប់ថ្ងៃទី២៤ ខែមេសាកន្លងមក ដោយអនុវត្តន៍តាមបទបញ្ជាដាច់ណាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវចាប់យកទាំងវត្ថុតាងប្រព្រឹត្តបទល្មើស និងមនុស្សទាំងអស់ហើយបើអ្នកចេញមុខកាងឬតវ៉ាត្រូវតែចាប់ខ្លួនអនុវត្តន៍តាមច្បាប់។ ក្នុងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ក៏បញ្ជាក់យ៉ឹងម៉ឺងម៉ាត់ដែរថា បើក្រុមប្រព្រឹត្តក្នុងការកាប់បំផ្លាញព្រៃឈើមានអាវុធតដៃចាញ់កម្ទេចចោលតែម្តង។

មហាជនរងចាំមើលថា អ្នកណាខ្លះជាប់ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសព្រៃឈើក្នងតំបន់ការពារដែនជម្រកសត្វព្រៃ «ព្រៃឡង់» ហើយប្រធានក្រុមហ៊ុន ស៊ីង បាយអូថេក (Think-Biotech Co.,Ltd) នឹងមានវាសនាបែបណាប្រសិនបើកសមត្ថកិច្ចរកឃើញថា ជាមេក្លោងឱ្យមានឧក្រិដ្ឋកម្មព្រៃឈើមែននោះ៕