2024-03-06 04:03
64

ព្រឹកថ្ងៃទី ០៦ ខែមិនានេះ  ថ្នាក់ដឹកនាំ មន្ដ្រីរាជការសាលាខណ្ឌដូនពេញ រួមនឹង មន្ដ្រីមកពី មន្ទីរពាក់ព័ន្ធ សិស្សានុសិស្ស ព្រះសង្ឃ ពាណិជ្ជករ ព្រមទាំង ប្រជាពលរដ្ឋមកពី សង្កាត់ទាំង១១ នៃខណ្ឌដូនពេញ សរុបប្រមាណជាង១ពាន់នាក់ បានមកជួបជុំគ្នានៅក្បែរ ព្រះអង្គដងកើ មុខព្រះបរមរាជវាំង ធ្វើពិធីដង្ហែក្បួន អបអរសាទរដល់រដ្ឋបាល ខណ្ឌដូនពេញដែល បានជាប់ជាជ័យលាភីទីក្រុងទេសចរណ៍ស្អាត អាស៊ាន ទើបទទួលបាននៅនាពេលថ្មីៗនេះ នៅប្រទេសឡាវ ។

ក្នុងក្បួនដង្ហែនេះ មានការចូលរួមពីលោក ជា ខេម៉ា  អភិបាល ខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ ដោយចាប់ផ្ដើមដង្ហែ ចេញពី  ព្រះ អង្គដងកើ មុខព្រះបរមរាជវាំង វេលាម៉ោង ៦:០០ នាទីព្រឹក លើ តម្រាយផ្លូវទៅទិសខាងជើង តាម បណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៩៤ បត់ខាងលិចមកដល់រង្វង់មូលវត្តភ្នំ រួចហែរប្រទក្សិណ ជុំវិញវត្តភ្នំ ចំនួន ៣ជុំ បន្ទាប់មកមានការជួបជុំប្រារព្ធពិធីនៅទីតាំងនាឡិកាធំវត្តភ្នំ ផងដែរ ។

ក្នុងឱកាសនោះ លោក ជា ខេម៉ា បានអាន សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍ រាជធានីភ្នំពេញដើម្បីបំផុសការលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ពិសេសយុវជនឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតងការផ្តល់នូវបដិសណ្ឋារកិច្ចល្អនិង ភាពកក់ក្តៅ សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើននៃសង្គមជាតិ។

ក្នុងសាលិខិត សម្ដេចបវធិបតីសម្ដែងនូវសមានចិត្ត ចូលរួមអបអរសាទរចំពោះ ទីក្រុងទេសចរណ៍ឆ្នើម របស់  កម្ពុជាចំនួន៣ រួមមាន : ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ក្រុងកែប (ខេត្តកែប) និង ក្រុងកំពត (ខេត្តកំពត) ដែលទទួលបានជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ាន លើកទី៤ ឆ្នាំ២០២៤-២០២៦។ នេះសបញ្ជាក់ឱ្យឃើញពីតួនាទីនិងការចូលរួមរបស់កម្ពុជាក្នុងតំបន់អាស៊ាន  ក្នុងនាមជា អ្នកដឹកនាំរៀបចំនិងសម្របសម្រួលការអនុវត្តស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន និង តំបន់អាស៊ាន ក្នុងគោលបំណងពង្រឹងភាពទាក់ទាញ និងបង្កើនការប្រកួតប្រជែងរបស់ទីក្រុងទេសចរ ស្អាតអាស៊ាន ដើម្បី ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្ដាទីក្រុងរបស់អាស៊ាន ក៏ដូចជាជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ ប្រជាពលរដ្ឋតាមបណ្ដាទីក្រុង ឱ្យកាន់តែប្រសើរឡើង។ 

លោក ជា ខេម៉ា បានបញ្ជាក់ថា ការទទួលបានពាននេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងពីគ្រប់សមាសភាពទាំាំងអស់ ទាំងអាជ្ញាធរ ទាំងមន្ទីរជំនាញ  ប្រជាពលរដ្ឋ អាជីវករ ទើបធ្វើឲ្យមូលដ្ឋានយើងបានស្អាតល្អ ទទួលបានការលើកសរសើរ ពីថ្នាក់ជាតិ និងថ្នាក់អាស៊ាន  ដូចនេះ យើងត្រូវ បន្ដចូលរួមចំណែក បន្ថែមទៀត ដើម្បី លើកកម្ពស់ បរិស្ថាន អនាម័យ  សោភ័ណភាព មូលដ្ឋានខណ្ឌដូនពេញឲ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែក  កសាងនិងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែ ការរីកចម្រើន រុងរឿង ដូចអារិយ្យប្រទេស ៕