2024-03-19 01:03
82

ពោធិ៍សាត់៖ នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក ជិន ចាន់ថន នាយផ្នែក សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការនគរបាកខេត្ត កម្លាំងយោធាខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសនេសាទដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកបាកាន ខេត្តពោធិ៍សាត់ បានមួយចំនួន។

ប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានចេញល្បាតក្នុងកន្លែងអភិរក្សជលផលលេខ ០២ ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ដោយមានកម្លាំង សរុបចំនួន ១១នាក់ ប្រើប្រាស់កាណូត ០៤គ្រឿង បានប្រទះការធ្វើនេសាទដោយ ឧបករណ៏ខុសច្បាប់  របាំងស្បៃមុងយកកូនត្រីជាច្រើនកន្លែង។

លោកវរសេនីយ៍ទោ ឈឹម ស៊ីថា នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ វត្ថុតាងរួមមាន៖ លូកងស្បៃមុង ចំនួន ១២មាត់, របាំងស្បៃមុង ចំនួន ០៦ខ្សែ ប្រវែង ៧៥០ម៉ែត្រ, បង្គោលចំរឹង ១៥០ដើម និងកូនត្រីចម្រុះ ចំនួន ២០គីឡូក្រាម ។ 

លោកនាយរងការិយាល័យបានបន្តថា បច្ចុប្បន្នវត្ថុតាងត្រូវកម្លាំងធ្វើការបំផ្លាញចោលនៅនឹងកន្លែង និងបានចាក់លែងកូនត្រីចូលក្នុងទឹកទន្លេវិញ៕