2023-11-03 05:11
226

ភ្នំពេញ៖ ក្រុមឈ្មួញរកស៊ីសាឡង់បូមខ្សាចចាក់បំពេញដីឱ្យអ្នកធំម្នាក់ បម្រើការងារក្នុងក្រសួងមួយ នៅក្រោយសាលាសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានបង្កផលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ និងបង្កផលប៉ះពាល់ដល់បរិស្ថានជាច្រើនខែកន្លងមកហើយ អាជ្ញាធរសង្កាត់ និងខណ្ឌមិនហានទប់ស្កាត់ ឬធ្វើការណែនាំដល់ម្ចាស់អាជីវកម្មឱ្យអនុវត្តឱ្យបានត្រឹមត្រូវឡើយ គឹបណ្តែតបណ្តោយឱ្យធ្វើតាមចិត្តបង្កឱ្យពលរដ្ឋក្តៅក្រហាយយ៉ាងខ្លាំង។

ក្រុមប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនសាឡង់បូមខ្សាច់យកទៅចាក់បំពញេញអាចម៍ដីឱ្យអ្នកធំម្នាក់ គឺមានទីតាំងក្រោយជាប់នឹងសាលាសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញតែម្តង ប៉ុន្តែអស់លោក លោកស្រីជាចៅសង្កាត់ ព្រមទាំងមន្ត្រីក្រុមប្រឹក្សាសង្កាត់ធ្វើព្រងើយមើលមិនឃើញ ស្តាប់មិនឭសំឡេងរំខានដោយសារក្រុមសាឡង់បូមខ្សាច់ទាំងយប់ទាំងថ្ងៃនោះឡើយ ទោះបីជាពលរដ្ឋដាក់ញាតិតវ៉ា និងស្នើសុំឱ្យមានការអន្តរាគមទប់ស្កាត់ក៏គ្មានប្រសិទ្ធភាពដែរ។

កន្លងមកពលរដ្ឋជាច្រើនគ្រួសារក៏បានដាក់ពាក្យបណ្តឹងទៅលោកស្រីចៅសង្កាត់ព្រែកថ្មី លោកអភិបាលខណ្ឌច្បារអំពៅ ដើម្បីបញ្ឈប់ការរំខាន់ដោយសំឡេង ព្រមទាំងបញ្ឈប់ការបង្ហូរកាកសំណល់ប្រេងចូលក្នុងទន្លេ ប៉ុន្តែចំណាត់ការទៅលើក្រុមសាឡង់បូមខ្សាច់នេះ ហាក់គ្មានវិធានអ្វីទាល់តែសោះ ក្រៅតែចុះមកពិនិត្យមើលរួចត្រឡប់វិញស្ងាត់ឈឹង។ ម្យ៉ាងទៀតក្រុមកម្មករដែលស្នាក់នៅលើសាឡង់បូមខ្សាច់នេះ បានបង្ហូរកាកសំណល់ប្រេងម៉ាស៊ីន វត្ថុប្រើប្រាស់ និងលាមកជាដើម ចេញពីការដ្ឋានបូមខ្សាច់ចូលក្នុងទន្លេដោយផ្ទាល់ ជាហេតុធ្វើឱ្យប៉ះពាល់ដល់បរិស្ថានជុំវិញ មានសភាពកខ្វក់ បាត់បង់សោភ័ណ្ឌភាពទន្លេ។ បញ្ហាមួយទៀត បរិវេនក្រុមហ៊ុនបូមខ្សាច់ មានលេចចេញជាដីដុះធ្វើឱ្យទន្លេរាក់ ដីមានសភាពរាក់ទៅៗ ថយចុះការនេសាទនៅតំបន់នេះ ធ្លាក់ចុះភ្ញៀវទេសចរ ដែលតែងតែជិះទុកកម្សាន្តពីកោះពេជ្រមកកម្សាន្តតំបន់ក្រុងតាខ្មៅ កើនសម្រាមនៅលើដងទន្លេ ធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹកទន្លេផងដែរ។

ពាក់ព័ន្ធសំណួមពររបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយក្រុមហ៊ុនសាឡង់បូមខ្សាច់ ជាប់ខាងក្រោយសាលាសង្កាត់ព្រែកថ្មីនេះ ក្រុមការងារសារព័ត៌មាន MSJ TV ធ្លាប់បានចុះទៅដល់ទីតាំងសាឡង់ខាងលើនោះ ពិតជាមានសំឡេងរំខានដល់ការរស់នៅរបស់ប្រជាពរដ្ឋជុំវិញតំបន់នោះ និងបង្កការប៉ះពាល់ដល់បរិស្ថានពិតប្រាកដកមែន ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធក៏ដូចជាមន្ត្រីជំនាញរបស់ខណ្ឌច្បារអំពៅគ្មានវិធានការទប់ស្កាត់ ឬណែនាំម្ចាស់អាជីវកម្មបូមខ្សាច់តាមការស្នើសុំរបស់ពលរដ្ឋឡើយ។

ក្រុមការងារបានចុះទៅដល់សាលាសង្កាត់ ដើម្បីសុំការបកស្រាយពីមន្ត្រីសង្កាត់ព្រែកថ្មី ជុំវិញបញ្ហានេះដែរ ប៉ុន្តែត្រូវបានមន្ត្រីដែលប្រចាំការបដិសេដ្ឋមិនធ្វើអត្ថាធិប្បាយដោយអះអាងថាពូកគាត់ជាកូនចៅគេដែរ។ ជុំវិញបញ្ហាតវ៉ា និងការស្នើសុំអន្តរាគនរបស់ពលរដ្ឋទៅកាន់អាជ្ញាធរជូយទប់ស្កាត់ក្រុមហ៊ុនសាឡង់បូមខ្សាច់បង្កការរំខានខាងលើនេះ លោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី បានប្រាប់ឱ្យដឹងថា «ករណីប្រជាពលរដ្ឋតវ៉ា និងស្នើសុំអន្តរគមក្រុមហ៊ុនសាឡង់បូមខ្សាច់នៅខាងក្រោយសាលាសង្កាត់នេះ សាលាខណ្ឌ សាលារាជធានីភ្នំពេញបានបញ្ជូនមន្ត្រីជំនាញ និងមន្ត្រីបរិស្ថានមកពិនិត្យរួចហើយ»។

ពលរដ្ឋបានបង្ហាញការងឿងឆ្ងល់ និងលើកជាសំណួរថា ពាក់ព័ន្ធបញ្ហាអាជ្ញាប័ណ្ណថា តើអាជ្ញាបណ្ណរបស់ក្រុមហ៊ុនឯកជនខាងលើមានសិទ្ធិធ្វើអ្វីបានគ្រប់បែបយ៉ាងឬ? ដូចជាបង្កឱ្យមានសំឡេងរំខានខ្លាំងៗ បំផ្លាញធនធានធម្មជាតិ បរិស្ថានជុំវិញទន្លេ គាត់មានសិទ្ធិទាំងអស់នេះមែនទេ? ហើយអាជ្ញាប័ណ្ណនេះ មានបញ្ជាក់អំពីទីតាំង ឬទីកន្លែងនៃការប្រកបអាជីវកម្មច្បាសលាស់ដែលឬទេ? ឬចេះតែបោះទីតាំងបូមខ្សាច់គ្រប់ទីកន្លែងបានតាមចិត្ត?

នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមការងារ MSJ TV បានធ្វើការទំនាក់ទំនងទៅលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅជុំវិញបញ្ហាខាងលើ ប៉ុន្តែពុំទទួលបាលការឆ្លើយតបនោះឡើយ៕