2023-10-06 03:10
191

កំពង់ស្ពឺ៖ បុរសវ័យជាង ៧០ឆ្នាំ និងកូនចៅបានឈរកាន់បង្គោលរបងធំព័ទ្ធដោយបន្លាលួសសម្លឹង និងចង្អុលទៅកាន់ដីរបស់ខ្លួនទំហំប្រមាណកន្លះហិកតាដោយទឹកមុខស្រងូតស្រងាត់ និងក្តីអស់សង្ឃឹមថា «ធីធ្លីរបស់គាត់នៅខាងក្រោយនេះ ធ្លាប់អាស្រ័យផល ប្រើប្រាស់ និងគ្រប់គ្រងអស់រយៈពេលជាង ៣០ឆ្នាំកន្លងមកហើយ ប៉ុន្តែបច្ចុប្បន្នត្រូវបានលោកមេឃុំឃុបឃិតជាមួយអ្នកមានលុយ និងមានឥទ្ធិពលរំលោភយកយ៉ាងរំភើយទោះបីជាគាត់តវ៉ាក៏មិនមានលទ្ធផលធ្វីអ្វីឡើយ»។ 

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នេះ ក្រុមគ្រួសារប្រជាពលរដ្ឋម្នាក់មានឈ្មោះ ឌុល ខន អាយុ ៧០ឆ្នាំផ្លាយ បច្ចុប្បន្នរស់់នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រៀបរាប់អំពីភាពអយុត្តិធម៌ដោយសារអាជ្ញាធរឃុំដំបូករួង ប្រើអំណាចគាបសង្កត់ពួកគាត់យ៉ាងខ្លាំង ដោយមិនអនុញ្ញាតឱ្យអាស្រ័យផល និងប្រើប្រាស់ដីធ្លីដែលនៅសេសសល់បន្តិចបន្តួច ក្រោយពីអ្នកមានលុយ និងមានឥទ្ធិពលរំលោភអស់ប្រមាណកន្លះហិកតា។

ស្ត្រីវ័យជាង ៣០ឆ្នាំ ជាកូនស្រីបង្កើតលោក ឌុល ខន បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាកម្ពុជា ជួយរកយុត្តិធម៌ ព្រោះដីនេះឪពុករបស់គាត់បានកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល ជាយូឆ្នាំកន្លងមកហើយ ប៉ុន្តែឥឡូវដីគេនៅខាងក្រោយ ដីខ្ញុំនៅមុខគេថា «អត់ឱ្យមានដីនៅមុខគេទេ»។ តើឱ្យពួកគាត់លើកដីដែលសេសពីគេរំលោភយកទៅណាវិញ? 

ស្ត្រីរូបនេះ បានបន្ថែមទៀតថា «ចំពោះដីដែលផ្នែងខាងមុខដែលសេសសល់ពីរំលោភបំពាន ត្រូវបានលោកមេឃុំគំរាមកំហែងមិនឱ្យអាស្រ័យផលបន្តទៀតទេ ដោយអះអាងថា ជាដីចំណីអូរ ប៉ុន្តែការពិតបុគ្គលអ្នកមានអំណាចដែលទិញខាងក្រោយគេមិនចង់ឱ្យក្រុមគ្រួសារគាត់មានដីនៅមុខទេ ព្រោះបាំងពីមុខគេ»។

ក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះ បានលើកម្រាមដៃដប់សំពះយ៉ាងទទួចស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ជួនពួកគាត់ជាពលរដ្ឋទន់ខ្សោយក្តីអនុគ្រោះផង ព្រោះរាល់ពេលពួកគាត់ឈូសឆាយ និងធ្វើរបងលោកមេឃុំបញ្ជាកូនចៅចុះមកដកចោលរហូត ដោយលោកមេឃុំថា “ជាដីចំណីផ្លូវសាធារណៈរបស់រដ្ឋ” ប៉ុន្តែសម្រាប់អ្នកមានលុយ មានអំណាចគេធ្វើតាមអំពើចិត្ត។

បុរសវ័យចំណាស់ឈ្មោះ ឌុល ខន បានរៀបរាប់ទាំងមុខស្រងូតស្រងាត់ថា «ដីនេះរូបគាត់កាន់កាប់តាំងពីអាយុ ៤០ឆ្នាំ រហូតដល់ពេលនេះអាយុជាង ៧០ឆ្នាំផ្លាយទៅហើយ អញ្ចឹងគាត់មានន័យថា គាត់គ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផលមានរយៈពេលជាង ៣០ឆ្នាំកន្លងមកហើយគ្មានបញ្ហាអ្វីទេ»។ បុរសវ័យចំណាស់រូបនេះ បានបន្ថែមទៀតថា «ដីរបស់គាត់ខាងក្រោយដែលត្រូវបានអ្នលុយឃុបឃិតគ្នារំលោភយកនោះមានទំហំប្រមាណជាង ៤០ម៉ែត្រគុណនឹងជាង ៥០ម៉ែត្រ ដែលពេលនេះឈ្មោះកំពុងគ្រប់គ្រប»។

ស្ត្រីជាកូនរបស់បុរសវ័យចំណាស់ ឌុល ខន បានបញ្ជាក់ថា បុគ្គលឈ្មោះដាហ្នឹង! និយាយថា «ដីគាត់នៅមុខអញ្ចឹងហើយដីរបស់គេនៅខាងក្រោយមិនសុខចិត្តទេ។ គាត់ (ព្រំ ដា) មិនចង់ឱ្យទឹកល្អមកនៅជិតទឹកស្អាតឡើយ» និងបានឱ្យមន្ត្រីប៉ូលិសប៉ុស្តិ៍ផលដំណាំ និងរបងដីគាត់រហូត»។ 

ក្រុមគ្រួសារប្រជាពលរដ្ឋដែលរងភាពអយុត្តិធម៌ ដោយសារអាជ្ញាធរដំបូករូងធ្វើបាប និងប្រើអំណាចគាប់សង្កត់បានបញ្ជាក់ថា «រឿងរ៉ាវដីរបស់របស់គាត់ ត្រូវបានគេរំលោភយកអស់ប្រមាណកន្លះហិកតានេះ ទើបតែកើតមានរយៈពេលស្ទុងជាបីឆ្នាំប៉ុណ្ណោះ ហើយមានទំនាស់ខ្លាំងបំផុត នៅពេលដែលរដ្ឋាភិបាលធ្វើផ្លូវគ្រួសក្រហមធំសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ស្រាប់មានអ្នកចេញមុខថា ជាដីរបស់គេតែម្តង»។ ស្ត្រីកូនម្ចាស់ដីបានបន្ថែមថា «កន្លងមកពូដា ក៏ធ្លាប់ឈរមើលរូបគាត់កាប់គាស់អាស្រ័យផលលើដីនេះដែរ ប៉ុន្តែក្រោយកើតមានផ្លូវធំស្រាប់តែពូដាកើតទុកមិនសុខចិត្តថា ដីគាត់ (ឈ្មោះដា) នៅក្រោយដីគ្រួសារខ្ញុំនៅមុខគាត់មិនព្រមដាច់ខាតហើយឈ្មោះដាថា ដីនេះជាដីទីប្រឹក្សាសម្បត្តិ»។ 

បុរសវ័យចំណាស់ឈ្មោះ ឌុល ខន ជាពលរដ្ឋគ្រោះដោយមេឃុំឃុបឃិតជាមួយអ្នកមានអំណាចរំលោភយកដី បានបញ្ជាក់ថា «កាលក្រុមនិស្សិតចុះវាស់វែងគាត់បាននាំប្រាប់ និងបង្ហាញព្រំដីដែលគាត់កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលត្រឹមត្រូវ ប៉ុន្តែគេថាអត់ឃើញកន្លែងហ្នឹង….!»។ 

ពាក់ព័ន្ធការចោទប្រកាន់របស់ប្រជាពលរដ្ឋមួយគ្រួសារនេះ លោក ខៀវ វណ្ណា មេឃុំដំបូករូង បានបកស្រាយថា «ករណីដីរបស់ពលរដ្ឋឈ្មោះ ឌុល ខន នេះ ប្រសិនបើគាត់អាស្រ័យផលដូចគេនោះ គេវាស់ឱ្យបាត់ទៅហើយ គឹនៅព្រៃអញ្ចឹង ប៉ុន្តែពេលនិស្សិតចុះមកវាស់គួរតែតវ៉ាពេលនោះជាធម្មតាពេលក្រុមនិស្សិតចុះមកគេរកម្ខាសដីអី….អញ្ចឹងដើម្បីចេញជាប្លង់រឹងហើយគេកាត់ចំណីអូរអត់មានអ្នកណាហ៊ានប៉ះទេ»។

ពាក់ព័ន្ធរឿងដីប្រមាណកន្លះហិតតាដែលដែលបុរសវ័យចំណាស់អះអាងថា មេឃុំឃុបឃិតជាអ្នកមានលុយរំលោភយកនោះ លោក ខៀវ វណ្ណា បានបកស្រាយថា «តាមពិតទេ! លោកមិនថាអីទេ ធម្មតាអើ ក្រុមការងារស្រុកចុះប្រហែល ២ឆ្នាំមុនគេមានពង់ប្លង់រឹងរួចហើយ ព្រោះមិនអាចហ៊ានយកទេ និងមិនកាន់ជើងខាងណាទេ ហ៊ានស្បត់ជូនទៀតផង»។

តាមប្រភពគួឱ្យទុកចិត្តបានបង្ហើបថា បុគ្គលឈ្មោះ ព្រំ ដា ជាប្អូនប្រុសរបស់មន្ត្រីធំម្នាក់មានមុខមានមាត់ក្នុងជួរថ្នាក់ ហើយឈ្មោះ ព្រំ ដា នេះជួយមើលដីធ្លីឱ្យឈ្មោះ សម្បត្តិ ជាមន្ត្រីអ្នកមានមុខមាត់ផងដែរ។ ប្រភពបានបង្ហើបទៀតថា មូលហេតុពួកគេព្យាបណ្តេញប្រជាពរដ្ឋធ្លាប់អាស្រ័យផលដីមានប្រឡាយនោះ គឺអាចមានគោលបំណងចង់បើកមុខដីផ្លូវធំ ដើម្បីឱ្យដីរបស់គាត់មានគម្រោងសម្រាបថ្ងៃខាងមុខធ្វើអ្វីមួយ ឬឱ្យដីមានតម្លៃខ្ពស់ជាដើម។

ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនសុំការបកស្រាយបន្ថែមពីលោក ព្រំ ដា ដែលកំពុងគ្រប់គ្រង និងមើលការខុសត្រូវឱ្យលោកធំៗនោះបានឡើយ ព្រោះគ្មានលេខទូរសព្ទ៕