2024-01-22 03:01
92

កណ្តាល៖ ការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីប្រជាពលរដ្ឋ ប្រទះឃើះញសាកសពស្ត្រីមានផ្ទៃពោះ ៥ខែម្នាក់ ត្រូវបានឃាតករសម្លាប់ រួចដុតខ្លោចក្នុងភ្នក់ភ្លើង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង២០នាទី ស្ថិតនៅព្រៃខាងជើងភូមិប្រហែល ១ ១០០ម៉ែត្រ ក្នុងភូមិរំលេច ឃុំទូលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ 

តាមការសួរបំភ្លឺសាក្សីឈ្មោះ ជន សុខឹម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ នៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨នឹង០៧នាទី ខ្លួនបានដើរចេញពីផ្ទះទៅរកគោនៅព្រៃខាងជើងភូមិក៏ប្រទះឃើញសាកសពដែលមានសភាពខ្លោចឆេះពេញខ្លួនប្រាណអស់នៅតែខ្លួនស្រាតននលគោក ពេលនោះខ្លួនក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍ទួលព្រេជភ្លាមៗ ។

ចំណែកបុរសមានឈ្មោះ ហេង ទី ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវជាប្តីស្ត្រីជនរងគ្រោះ មុខរបរ កម្មករ មានទីលំនៅ ភូមិគ្រោះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានប្រាប់ខ្លួនថានឹកផ្ទះរួចក៍បានជិះម៉ូតូចេញពីផ្ទះជួលរបស់ខ្លួននៅខេត្តកំពង់ស្ពឺ រួចទៅផ្ទះម្តាយនៅស្រុកពញ្ញាឮ (ស្ថិតនៅភូមិ-ឃុំខាងលើ) ហើយបានសម្រាកនៅផ្ទះម្តាយ ១យប់។ លុះដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ប្រពន្ធបានប្រាប់ខ្លួនថា «ចង់ទៅបាសិតយកលុយពីគេ» ហើយខ្លួនបានប្រាប់ប្រពន្ធវិញថា «បើចង់ទៅបងជូនទៅ» ហើយខ្លួនក៏បានជូនជនរងគ្រោះដោយជិះម៉ូតូ ម៉ាក់ Honda beat លុះដល់ហាងកាហ្វេ ១ កន្លែង ស្ថិតនៅភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឌុបប្រពន្ធគ្រោះចូលហាងកាហ្វេ ពេលនោះជនរងគ្រោះឲ្យខ្លួនចាំបន្តិចគាត់ទៅយកលុយពីគេនៅបាសិត រួចជនរងគ្រោះក៏បានជិះម៉ូតូចេញវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល លុះបាន ១ម៉ោង ក្រោយមកខ្លួនបានតេទូរសព្ទទៅជនរងគ្រោះ (ប្រពន្ធ) បានលើកទូរសព្ទប្រាប់ខ្លួនថា «បន្តិចទៀតរៀបចំចេញទៅវិញហើយ» រហូតដល់ម៉ោង ១៤និង២០នាទី ខ្លួនមិនឃើញជនរងគ្រោះត្រឡប់មកវិញ ក៏បានតេទូរសព្ទទៅម្តងទៀតតែទាក់ទាងលែងបាន បន្ទាប់មកដល់វេលាម៉ោង ១៦និង០០នាទី ថ្ងៃខែឆ្នាំដដែលខ្លួនក៏បានត្រឡប់ទៅផ្ទះម្តាយក្មេកនៅស្រុកពញ្ញាឮវិញ រួចបន្ទាប់មកទៀត ខ្លួនបានព្យាយាមទាក់ទងតាមរយះនាក់ដែលធ្លាប់ស្គាល់គ្នាជនរងគ្រោះបន្តបន្ទាប់តែរកជនរងគ្រោះមិនឃើញឡើយ។

បុរសជាប្តីបានបំភ្លឺប្រាប់សមត្ថកិច្ចទៀតថា រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨និង០០នាទី ខ្លួនបានដំណឹងពីឈ្មោះ តា ភេទស្រី អាយុ ២០ឆ្នាំ បានប្រាក់ខ្លួនថា ឮគេនិយាយថាមានប្រទះឃើញសាកសពឆេះខ្លោចនៅក្នុងព្រៃ។ ចំពោះសពខាងលើ បុរសឈ្មោះ ហេង ទី ភេទប្រុស បានសន្និដ្ឋានថា គឺពិតជា «ប្រពន្ធរបស់ខ្លួន» ព្រោះខ្លួនបានស្គាល់ល្បែងជើងរបស់ជនរងគ្រោះនៅកន្លែងកើតហេតុ។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា តាមអះអាងរបស់ឈ្មោះ ហេង ទី ថាសពស្ត្រីរងគ្រោះមានឈ្មោះ វេង ធារី ហៅ ម៉ី ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ កសិករ ស្រុកកំណើតភូមិព្រៃល្វា ឃុំពញ្ញាឮ ស្រុកពញ្ញាឮ ខេត្តកណ្តាល ជាប្រពន្ធរបស់ខ្លួនដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមករា កន្លងទៅ ខណៈពេលនាងចេញទៅរកទាលុយគេជំពាក់ ដោយសម្គាល់ស្នាមចាក់សាក់កជើង និងស្បែកជើងដែលខ្លួនបានទិញឱ្យប្រពន្ធ។

បច្ចុប្បន្ន ករណីខាងលើនេះ សមត្ថកិច្ចស្នងការនគរបាលខេត្តកណ្តាល អធិការនគរបាលស្រុកអង្គស្នួល និងនាយកដ្ឋានព្រហ្មទណ្ឌកំពុងធ្វើការស្រាវជ្រាវបន្តតាមជំនាញ ដើម្បីកំណត់មុខសញ្ញាឃាតករឈាន់ដល់ការឃាតខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕