2023-11-23 03:11
333

ភ្នំពេញ៖ កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងស្តុប និងចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉ននាំចូលគ្មានប្រភពច្បាស់លាស់ គ្មានច្បាប់ ព្រមទាំងគ្មានប្រវេទន៍ជាង ៤៨មុខ។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងករណីនាំចូលគ្មានប្រភពច្បាស់លាស់ សន្និធិ លក់ចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាតិ នៅផ្ទះលេខ BA11+BA12 ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់របស់ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។    

ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងដកហូតនូវវត្ថុតាងគ្រឿងសម្អាង និងអាហារបំប៉ន សរុបចំនួន ៤៨មុខ (ទំងន់ ៥.៦៤១គីឡូក្រាម) នៅក្នុងនោះមានចំនួន ២៩មុខ គ្មានច្បាប់។ ដោយឡែក ចំនួន ០៩មុខ មានវិញ្គាបនប័ត្រប្រវេទន៍ ប៉ុន្តែហួសសុពលភាព និងមានច្បាប់តែចំនួន ១០មុខប៉ុណ្ណោះ ដែលនាំចូលគ្មានប្រភពច្បាស់លាស់ គ្មានប្រវេទន៍  និងគ្មានច្បាប់អនុញ្ញាតិ ។

ចំពោះវត្ថុតាងខាងលើលោក ព្រះរាជអាជ្ញារង បានសំរេចឲ្យបិទផ្លុំបេ នៅផ្ទះលេខ BA11 ជាបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងយកមកសារសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕