2023-08-29 08:08
181

ព្រះសីហនុ៖ ក្រុមជនសង្ស័យ ចំនួន ០៤នាក់ ជាជនជាតិចិន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋានខេត្តព្រះសីហនុ ចុះបង្ក្រាប និងឃាត់ខ្លួនដល់បន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ «ស៊ីង សាវ័ន» រឹបអូសគ្រឿងញៀនបានជាច្រើនប្រភេទ។

ប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើ ធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ ជនជាតិចិន នៅចំណុចសណ្ឋាគារ «ស៊ីង សាវ័ន» បន្ទប់លេខ ២៧០៥ ជាន់ទី២៧ ក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ 

ការចុះបង្ក្រាបនេះដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ បានឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនឹងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនិតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទាំង ០៤នាក់ រួមមាន៖ ១- ឈ្មោះ TOU NI GE ER ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ។ ២- ឈ្មោះ WU YUN BI LI GE ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ។ ៣- ឈ្មោះ FANG SHOU ភេទប្រុស  ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។ ៤- ឈ្មោះ TAO HUAN ភេទប្រុស  ជនជាតិចិន មុខរបរ មិនពិតប្រាកដ។

ចំពោះការដកហូតវត្ថុតាង រួមមានដូចជា ៖ ម្សៅពណ៌ស និងថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃ សង្ស័យជាសារធាតុញៀនចំនួន ២៣កញ្ចប់ ម្សៅកញ្ចប់អក្សរ JIN TIAO សង្ស័យជាសារធាតុញៀន ចំនួន ២៩កញ្ចប់ ថ្នាំកញ្ចប់ពណ៌ទឹកក្រូច អក្សរ CHALI សង្ស័យជាសារធាតុញៀន ចំនួន ១៥កញ្ចប់ ថ្នាំកញ្ចប់ពណ៌ក្រហម អក្សរ FERRARI សង្ស័យជាសារធាតុញៀន ចំនួន ០៨កញ្ចប់ ថ្នាំកញ្ចប់ពណ៌ស លាយពណ៌មាស អក្សរ HUANG HELOU សង្ស័យជាសារធាតុញៀន ចំនួន ០៦កញ្ចប់ ថ្នាំកញ្ចប់ពណ៌មាស សញ្ញារូបនាគ សង្ស័យជាសារធាតុញៀន ចំនួន ២០កញ្ចប់ ថ្នាំកញ្ចប់ពណ៌ក្រហម សញ្ញារូបសេះ សង្ស័យជាសារធាតុញៀន ចំនួន ១១កញ្ចប់ ថ្នាំកញ្ចប់ពណ៌លឿង អក្សរ OLD TOWN សង្ស័យជាសារធាតុញៀន ចំនួន ១៣កញ្ចប់ និងជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង។
 
បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរដើម្បីបន្ដនីតិវិធី៕