2024-04-04 12:04
49

(បាត់ដំបង): បុរស០២នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូរត់គេចពីក្រុមក្មេងស្ទាវដេញវ៉ៃ នៅវេលាម៉ោងជិត ១២យប់រំលងអាធ្រាត ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅតាមកំណាត់ផ្លូវក្បែររង្វង់មូលលោកតាដំបងក្រញូង ស្ថិតក្នុងភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា÷ដំបូងឡើយគេបានឃើញ មនុស្ស២ក្រុម ជិះម៉ូតូប្រដេញគ្នា ក្នុងនោះភាគីជនបង្កជិះម៉ូតូ ៣គ្រឿង មានគ្នាចំនួន០៩នាក់ចំណែក ភាគីជនរងគ្រោះជិះម៉ូតូ០២គ្រឿង ជិះគ្នា០៤នាក់ បានធ្វើសកម្មភាពជិះម៉ូតូយ៉ាងលឿនដេញវ៉ៃគ្នា លុះពេលទៅដល់ចំណុចកើតហេតុម៉ូតូភាគីខាងជនរងគ្រោះមួយគ្រឿងបានជ្រុលទៅបុករបងសាលារៀនទាំងកំរោលនិងប៉ះជាមួយចម្រឹងដែកបណ្តាលឲ្យរបួសដាច់រង្វះមាត់ ច្រមុះ និងផុងលលាក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ដោយឡែកក្រុមជនបង្កដែលជិះម៉ូតូ០៣គ្រឿងមានគ្នា ០៩នាក់ក្រោយពេលកើតហេតុបានគេចខ្លួនបាត់អស់ជាបន្តបន្ទាប់ផងដែរ។ ពាក់ព័ន្ធទៅនិងករណីខាងលើនេះសមត្ថកិច្ចបានបញ្ជាក់ថា÷ មកទល់ព្រឹកនេះក្រុមក្មេងស្ទាវទាំង០២ក្រុមខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយនៅចំពោះមុខកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ។