2024-01-04 11:01
157

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរូបគេបើករថយន្តយ៉ាងលឿនទៅបុកពីក្រោយរថយន្ត២គ្រឿងដែលឈប់រង់ចាំភ្លើងស្តុប ហើយប្រើហិង្សាវាយទៅលើសមត្ថកិច្ចបណ្តាលឱ្យរងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស២គ្រឿង មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BN-1037 បើកដោយបុរសម្នាក់រួមដំណើរជាមួយនឹងស្រ្តីម្នាក់ទៀតជាប្រពន្ធ ចំណែករថយន្តព្រូសមួយគ្រឿងទៀត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BI-3616 បើកដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្តទាំង២គ្រឿងក៏បានឈប់ភ្លើងស្តុបពណ៌ក្រហម ពេលនោះដែរស្រាប់តែមានរថយន្តបង្កម៉ាក Lexus LX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2A-6787 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរមកពីក្រោយស្របគ្នាពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកពីក្រោយរថយន្តតូយ៉ូតាព្រូស ពេញទំហឹងរុញផ្ទប់នឹងរថយន្តមួយគ្រឿងទៀតនៅពីមុខបណ្តាលឱ្យខូចខាតយ៉ាងដំណំ ពេលនោះដែរសមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីឱ្យភាគីទាំងសងខាងសម្រួលគ្នា តែបែរជាបុរសជនជាតិចិនប្រើកាយវិការច្រងេងច្រងាងវាយទៅលើសមត្ថកិច្ច២នាក់បណ្តាលឱ្យរងរបួសផងដែរ។ បន្ទាប់មកសមត្ថកិច្ចក៏បានដាក់កម្លាំងមកបន្ថែមដើម្បីឃាត់ខ្លួនបុរសជនជាតិចិនរូបនោះដែលបើករថយន្តបង្កហើយប្រើហិង្សាមកលើសមត្ថកិច្ច យកទៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ សួរនាំបន្តនិងចាត់ការទៅតាមនីតិវិធី។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកឯរថយន្តមួយគ្រឿងទៀត ម្ចាស់មិនចង់វែងឆ្ងាយក៏សុំសមត្ថកិច្ចយករថយន្តចេញពីកន្លែងកើតហេតុទៅជួសជុលដោយខ្លួនឯង៕