2023-09-18 04:09
193

ភ្នំពេញ៖ ការបន្តពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ នៅតែមិនទាន់សម្រេចនៅឡើយ ខណៈភាគីនិយោជកដាក់តួលេខ ២០១.៥ដុល្លារ, ភាគីរាជរដ្ឋាភិបាលទើបបញ្ចេញតួលេខរបស់ខ្លួន គឺ ២០២ដុល្លារ រីឯភាគីសហជីពបានស្នើតួលខ២ផ្សេងទៀត គឺទី១ តួលេខ ២០៤ដុល្លារ និងទី២ តួលេខ ២១៣ដុល្លារ។

បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា “កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមាន ចំនួន ១៩លើក ដែលរួមមាន៖ កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន ០៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន ០២លើក និងកិច្ចប្រជុំត្រីភាគី ចំនួន ០៩លើក។ ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សា ចំនួន ០៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងតំណាងភាគីកម្មករ និយោជិតចំនួន ០១លើក និងកិច្ចប្រជុំត្រីភាគី ចំនួន ០២លើក។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន២ ផ្សេងគ្នា គឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ ១២លើ១៧នាក់ និងតួលេខ ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ ៥លើ១៧នាក់។ តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១.៥ដុល្លារអាម៉េរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាម៉េរិក។

តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នឹងគោរពស្នើសុំនូវសំណូមពរផ្សេងៗ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសវិនិយោគ និងបរិយាកាសធុរកិច្ចកាន់តែប្រសើរ ព្រមទាំងកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករនិយោជិត ក៏ដូចជាការពារនូវសិទ្ធិ កិត្តិយស និងអត្ថប្រយោជន៍របស់កម្មករនិយោជិត។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៩និង០០នាទីព្រឹក។

សូមជម្រាបថា រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ នយោជិតសម្រាប់ឆ្នាំ២០២៣ ត្រូវធ្វើឱ្យបានមុនបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខឱ្យខានតែបាន៕