2023-08-16 05:08
149

 

សាខា កក្រក ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ នេះ លោក រស់ សុខន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពញាក្រែក  ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំកោងកាង និងឃុំកក់ ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខជនរងគ្រោះកម្រិតមធ្យមដោយខ្យល់កន្ត្រាក់ចំនួន៥គ្រួសារ ដែលស្ថិតនៅក្នុងមូលដ្ឋានឃុំកោងកាង ចំនួន១គ្រួសារ និងឃុំកក់ ចំនួន៤គ្រួសារ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នាឱកាសនោះដែរ លោកនាយករងសាខាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនូវការនឹករឭក និងសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសារជនរងគ្រោះ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលជាជនរងគ្រោះ និងរងគ្រោះគ្រប់ៗគ្នាស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " និង“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល" ។

 ជាមួយគ្នានេះ លោកក៏បានជូនពរដល់គ្រួសារជនរងគ្រោះ និងងាយរងគ្រោះសូមមានសុខភាពល្អ និងឆាប់ជាសះស្បើយពីរោគាពាធនេះ។ បន្ទាប់មកលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ជាពិសេស សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ គឺ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និងបានគ្រប់ដូសទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសារនីមួយរួមមាន ÷ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាមួយចំនួនផងដែរ៕