2023-11-04 03:11
334

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន, លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រតិភូអមដំណើរ ជាជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ នៃខេត្តកំពត នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅចូលរួមប្រារព្ធធ្វើពិធីបួងសួងសុំសេចក្តីសុខ និងទទួលយកពរជ័យពីសំណាក់អ្នកតាឃ្លាំងមឿង។ ពិធីនេះធ្វើឡើងនៅបូជនីយដ្ឋាន អ្នកតាឃ្លាំងមឿង ស្ថិតនៅភូមិជំរំសៀម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រារព្ធធ្វើពិធីនេះឡើងក្នុងគោលបំណងបួងសួងសុំឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពតទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសជួបប្រទះនូវតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងទទួលបាន លាភជ័យ ក៏ដូចជាជោគជ័យក្នុងការបំពេញតួនាទីភារកិច្ច មុខរបររកស៊ី នឹងសុំឱ្យបារមីដ៏មានរិទ្ធីរបស់អ្នកតាឃ្លាំងមឿង ដែលជាមេទ័ពខ្មែរដ៏ល្បីល្បាញក្នុងការធ្វើសឹកសង្គ្រាម ជួយតាមបីបាច់ថែរក្សាឃុំគ្រងប្រទេសកម្ពុជា ឱ្យមានសុខសន្តិភាពជារៀងរហូត។

ក្នុងកិច្ចបួងសួងនេះដែរ ក៏សូមឱ្យទូក «ង» របស់ខេត្តកំពត ដែលមានឈ្មោះថា (កំពតសែនជ័យ បារមីលោកយាយម៉ៅ) ដែលត្រូវចូលរួមប្រកួតទទួលបានជោគជ័យផងដែរ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះបូជនីយដ្ឋានអ្នកតាឃ្លាំងមឿង បានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដ៏សំខាន់ ដែលអ្នកដំណើរឆ្លងកាត់ពីទីជិតឆ្ងាយ ក៏ដូចប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចេញចូលទៅបន់ស្រន់សុំសេចក្ដីសុខ សេចក្ដីចម្រើនរាល់ថ្ងៃ។ អ្វីដែលល្បីរន្ទឺនេះគឺដោយសារអ្នកតាឃ្លាំងមឿង ជាមេទ័ពម្នាក់ដែលមានមហិទ្ធិឫទ្ធិ ខ្លាំងពូកែកាលពីសម័យដើម ហ៊ានហក់ចូលក្នុងរណ្ដៅចម្រូងពលីជីវិត រួចហើយបានកេណ្ឌទ័ពខ្មោចទៅប្រយុទ្ធ ជាមួយទ័ពសៀម រហូតដណ្ដើមបានទឹកដីមកវិញ៕