2023-06-30 02:06
279


   ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រ ដែលកំពុងបើកបត់ចូលក្នុងផែស្ងួតសូងួន។ 
  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១១និង ២០នាទីយប់ថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ខាងមុខផែស្ងួតសូងួន នៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។


   សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឃឹម មឿន អាយុ៥៣ឆ្នាំ រស់នៅក្នុងបុរីពិភពថ្មី ផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
   ប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់បានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឃើញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងមិនចាំផ្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងចូលទៅក្នុងផែស្ងួតសូងួន ប៉ុន្តែពេលបត់ចូលជិតនឹងផុតផ្លូវទៅហើយក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឃ្លីកពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-0827 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចមិនប្រយ័ត្នបានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រដែលបត់ចូលក្នុងផែស្ងួតសូងួនចំពីក្រោយពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលហើយអ្នកបើកបរបានបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែង។
ចំណែករថយន្តសណ្តោងទូកុងតឺន័រវិញបានបើកចូលទៅក្នុងផែរួចអ្នកបើករថយន្តបានបើកទ្វារចុះគេចខ្លួនបាត់ស្រមោល ។
   បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕