2024-04-02 05:04
40

(បាត់ដំបង)ៈ យ៉ាងហោចណាស់ក៏មានមនុស្ស០២នាក់បានរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តនិងម៉ូតូ បុកគ្នាពេញទំហឹងកាលពីវេលាម៉ោង២រសៀលថ្ងៃទី០១.ខែមេសា ឆ្ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1B-8935 បើកបរដោយបុរសម្នាក់និងមានក្មេងប្រុសម្នាក់រួមដំណើរជាមួយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿង ពាក់ផ្លាកលេខខាងមុខ កំពង់ចាម-3B-1483 និងខាងក្រោយកំពង់ចាម-4A-0606 បើកបរ ក្នុងទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុកជាមួយម៉ូតូពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់បាក់ជើងនិងដៃទាំងពីរនាក់ចំណែករថយន្តបានបន្តបើករត់ជាច្រើនគីឡូម៉ែត្រ តែត្រូវសមត្ថកិច្ចតាមឃាត់បានភ្លាមៗផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួច បានអូសយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ចំណែកជនរងគ្រោះត្រូវរថយន្តសាម៊ុយដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។