2023-06-03 10:06
325



សៀមរាប៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ បានបំបែកសំណុំរឿងករណីឃាតកម្មសម្លាប់បុរសជនជាតិចិន កាត់ក្បាលច្រកកាបូមយកទៅបោះចោលនៅកណ្ដាលវាលស្រែ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់។

របាយការណ៍ប៉ូលិល បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការរងទទួលផែន ដឹកនាំការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់ ចំនួន ០៣នាក់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ នៅខេត្តសៀមរាប។

សូមជម្រាបថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១និង២៧នាទី ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរស់ម្នាក់ ត្រូវបានគេកាត់ក្បាលដេកស្លាប់ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្រោយពីទទួលបានព័ត៌មាន នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ចុះដឹកនាំកម្លាំងជំនាញ និងមានការចូលរួមសហការពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេតបន្ទាន់តាមនីតិវិធី ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យ ចំនួន ០៣នាក់  មានឈ្មោះដូចខាងក្រោម៖

ទី១- ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
ទី២- ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ទី៣- ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

របាយការណ៍ប៉ូលិស បានឱ្យដឹងទៀតថា ក្រោយពីកំណត់បានមុខសញ្ញាជនសង្ស័យ ក្នុងករណីឃាតកម្មសម្លាប់កាត់ក្បាលនេះ នាយកដ្ឋានព្រហ្មទណ្ឌ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវ តាមប្រមាញ់ក្រុមជនដៃដល់រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៤៧នាទី ដោយកំណត់បានទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ធ្វើការបង្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ នៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការបំបែកសំណុំរឿងករណីឃាតកម្មកាត់ក្បាលនេះ សមត្ថកិច្ចដក្ហូតវត្ថុតាង រួមមាន៖ រថយន្ត០១គ្រឿង ម៉ាក Corolla ,អាវុធ AK47 ចំនួន ០១ដើម ,អាវុធ CKC ចំនួន ០២ដើម ,អាវុធកែច្នៃ ចំនួន ០២ដើម និងគ្រាប់មួយចំនួនទៀត។

ជនសង្ស័យបានឆ្លៀយសារភាពថា «កាលពីថ្ងទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០១អាធ្រាត ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ ម៉ៅការសំណង់ ពិតប្រាកដមែន ខណៈពេលជនរងគ្រោះជិះរថយន្តជាមួយពួកខ្លួនចេញពីការដ្ឋានខេត្តពោធិ៍សាត់»។ ក្រុមជនសង្ស័យសារភាពទៀតថា «ពួកខ្លួនដឹងថាជនរងគ្រោះទើបបើកប្រាក់ពួកខ្លួនក៏មានគំនិតសម្លាប់ជនរងគ្រោះដោយយកកន្សែងរិតក និងយកពូថៅកាត់ក្បាលតែម្តង ព្រោះតែខឹងនឹងជនរងគ្រោះជំពាក់ប្រាក់មិនសងផងដែរ»។

ក្រុមឃាតកបានសារភាពទៀតថា «ក្រោយពីធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ពួកខ្លួនបានយកក្បាលច្រកចូលក្នុងកាបូបខ្មៅមួយហើយយកទៅបោះចោល ក្នុងស្រះមួយកន្លែង ស្ថិតនៅឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកពូថៅយកទៅបោះចោលនៅស្ពានត្រោះ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម និងប្លន់យកប្រាក់បានមួយចំនួននាំគ្នាគេចមកលាក់ខ្លួន នៅចំណុច ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង»។

ចំពោះជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាត់ការបន្តតាមនិតិវិធី។ ដោយឡែកអាវុធបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕