2023-08-09 07:08
157


(កំពត) ៖ នាថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា រដ្ឋបាលខេត្តកំពតមានចក្ខុវិស័យធ្វើឲ្យតំបន់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្លាយជាតំបន់ទាក់ទាញទេសចរតាមរយៈដើមត្នោត ស្ករត្នោត ទឹកឆ្នោត ផ្លែត្នោត និងផលិតផលត្នោតជាដើមនិងដើមឈើជារុក្ខជាតិធម្មជាតិ។
   ឯកឧត្តមអភិបាលខេត្តបានស្នើដល់ពលរដ្ឋដែលរស់នៅតំបន់នោះ ឲ្យចូលរួមដាំដើមត្នោតឲ្យបានច្រើន ស្របពេលដែលដើមត្នោត ក៏ជាអត្តសញ្ញាណរបស់ជាតិខ្មែរមួយផងដែរនោះ។ 
   ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ថ្លែងក្នុងពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៣ នេះថាយើងដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា វៀតណាមប្រវែង៥គីឡូម៉ែត្រ នៅចំណុចអន្លង់ថ្ងាន់ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច  អភិបាលខេត្តបានលើកឡើងថា  ការដាំដើមឈើមានប្រយោជន៍ណាស់សម្រាប់ប្រជាជាតិនីមួយៗ ដើម្បីទទួលបានបរិស្ថានបៃតង ថែទាំដល់ប្រព័ន្ធអេកូឡូស៊ី។
   ហើយអ្វីកាន់តែពិសេស សម្រាប់ជាតិខ្មែរ ការដាំដើមត្នោតពិតជាមានតម្លៃឥតគណនា ដោយសារត្នោតផ្តល់អត្ថប្រយោជន៍យ៉ាង ពិសេសដើមត្នោតក៏ជាអត្តសញ្ញាណជាតិខ្មែរផងដែរ។
   ឯកឧត្តមបានបង្ហើបថា រដ្ឋបាលខេត្តមានចក្ខុវិស័យធ្វើឲ្យតំបន់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្លាយជាតំបន់ទាក់ទាញទេសចរ តាមរយៈ ដើមត្នោត ស្ករត្នោត ទឹកឆ្នោត ផ្លែត្នោត និងផលិតផលផ្សេងៗពីដើមត្នោ។

   ឯកឧត្តមបានស្នើដល់ពលរដ្ឋ អាជ្ញាធរ កងកម្លាំង ព្រះសង្ឃ សិស្សានុស្សិស រស់នៅតំបន់ខ្សែបន្ទាត់ព្រំដែនចូលដាំដើមឆ្នោតឲ្យបានច្រើនបំផុត តាមដែរអាចធ្វើទៅបានចូលរួមដាំឆ្នោត។
   ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ កងកម្លាំងដែលឈរជើងនៅខ្សែបន្ទាត់ព្រំដែលជួយថែទាំ ដើមត្នោតឲ្យបានល្អ ព្រោះការថែរក្សាដើមត្នោតបានន័យថែ យើងបានចូលរួមថែរក្សា ការពារអត្តសញ្ញាណជាតិរបស់យើង ឲ្យគង់វង្ស ដើម្បីមិនឲ្យជនបរទេសណាអាចមកឈ្លានពាន ឬមកបន្លែបន្លំ យកទឹកដីកំណើតរបស់យើងបាន។
   បើយោងតាមរបាយការណ៍ របស់លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឲ្យដឹងថា សម្រាប់រុក្ខទិវាឆ្នាំ២០២៣នេះ ខេត្តកំពតបានដាំដើមត្នោត ចំនួន ៧៥០០ ដើមនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា វៀតណាមមានប្រវែង៥គីឡូម៉ែត្រ នៅចំណុចអន្លង់ថ្ងាន់ ដែលស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។(សឹង រ៉ាត់)