2024-01-27 11:01
69

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤  នៅមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ  ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខា  ធិការ អនុរដ្ឋលេខាធិការ  ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ សរុបចំនួន ៣៣នាក់ ស្រី ១៤នាក់។ 

ឯកឧត្ដម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នាពេលកន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តកម្មវិធីអាទិភាពរបស់ក្រសួងក្នុងអាណត្តិកន្លងមក រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ដើម្បីធានាបាននូវតំបន់ជនបទសមាហរណកម្ម, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ,ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ និង ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលដៅធ្វើឱ្យសម្រេចនូវចក្ខុវិស័យរបស់ខ្លួន គឺ “លើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅជនបទប្រកបដោយចីរភាព និងបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌”។

ជាមួយគ្នានេះ សម្រាប់នីតិកាលថ្មីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ចក្ខុវិស័យដ៏មានសារៈសំខាន់គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដើម្បីធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈ ការដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ ដែលប្រែកម្មវិធីអាទិភាពចំនួន ៥។ កម្មវិធីអាទិភាពនេះ នឹងចូលរួមអនុវត្តនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧  ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែល មានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ភូមិគំរូនៅក្នុងខណ្ឌជាយរាជធានី ដោយផ្អែកលើសក្ដានុពលសំខាន់ៗ ទៅតាមលក្ខណៈវិនិច្ឆ័យនៃភូមិគំរូបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងខិតខំបង្កើនសមិទ្ធផល និងស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ឆ្នាំ២០៥០។ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវនិងប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ ព្រមទាំងចាត់ទុកខ្លួនឯងជាមន្ដ្រីបម្រើឱ្យប្រជាពលរដ្ឋ ប្រកបដោយសុចរិតភាព។ត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលរាជធានី, មានកិច្ចសហការល្អអាជ្ញាធរគ្រប់លំដាប់ថ្នាក់, មន្ទីរពាក់ព័ន្ធនានា ព្រមទាំង, អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដែលមានបទពិសោធន៍ និងធនធាន ដើម្បីជំរុញការងារអភិវឌ្ឍជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។