2023-08-31 11:08
164

ភ្នំពេញ៖     ក្រុមអ្នកលេងកាំបិទផ្គាក់ដងវែង និងខ្សែក្រវ៉ាត់ ចំនួន ០៣នាក់ ត្រូវបានកម្លាំងកងរាជធាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនទាំង ០៣នាក់ រួមមាន៖ ទី១- ឈ្មោះ សន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ទី២- ឈ្មោះ យ៉ិន ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ និងទី៣- ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ។

អាវុធហត្ថបានឱ្យដឹងទៀតថា កាលពីវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានទទួលបណ្ដឹងផ្ទាល់មាត់ពីជនរងគ្រោះ “ថាមានករណីក្មេងស្ទាវមួយក្រុមបានយកកាំបិតកាប់ និងយកដុំថ្មគប់មកលើខ្លួន តែមិនបណ្តាលឲ្យរងរបួសនោះទេ។ រីឯម៉ូតូ ០១គ្រឿង ម៉ាក C125 ស៊េរីឆ្នាំ២០២២ ស្លាកលេខ ភ្នំពេញ 1DG-1728 ខូចខាតយ៉ាងដំណំ”។ 

ប្រពភបន្តទៀតថា ហេតុការណ៍នេះ កើតឡើងនៅចំណុចផ្លូវលំ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បានធ្វើការចុះអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបាន ចំនួន ០៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ ចំនួន០១ដើមផងដែរ។ 

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា “នៅថ្ងៃកើតហេតុខាងលើពួកខ្លួន និងបក្ខពួកឈ្មោះ អាសេង អាណាក់ អាពៅ អាសំណាង អាសិដ្ឋ និងអ្នកផ្សេងទៀតមិនចាំឈ្មោះពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែនដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយស្មានតែជនរងគ្រោះ ជាភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួន ក៏បានយកកាំបិតផ្គាក់កាប់ និងដុំថ្មគុបទៅលើជនរងគ្រោះ តែដោយសារជនរងគ្រោះរត់គេច ពួកខ្លួនក៏ធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះតែម្ដង”។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង ០៣នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្តផងដែរ៕