2023-09-12 02:09
166

ក្រចេះ៖ ក្រុមទីទុយប្រុស-ស្រី រាត្រីចរ ចំនូន ២៦នាក់ ដែលហោះហើរមិនចូលផ្ទះសំបែងបង្កភាពអសន្តិសុខក្នុងសង្គម ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ ចុះប្រមូលយកមកធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។ 

នគរបាលក្រុងក្រុងក្រចេះ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០១និង៥០នាទី រំលងអាធ្រាត កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រចេះ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រគរ បានធ្វេីការបង្ក្រាបសកម្មភាព ក្រុមក្មេងទំនើងដេីរយប់អនាធិបតេយ្យ តាមផ្លូវមាត់ទន្លេក្នុងក្រុងក្រចេះ ចំនួន ២៦នាក់ ស្រី ចំនូន ១២នាក់ នាំមកកាន់អធិការក្រុងក្រចេះ ដើម្បីសាកសួរ និងអប់រំ។ 

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា បន្ទាប់ពីធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ចំពោះក្រុមក្មេងៗទាំងនោះត្រូវបានប្រគល់ជូនឪពុក ម្ដាយ អាណាព្យាបាលធានាយកទៅអប់រំបន្តនៅលំនៅដ្ឋានវិញ។ 

ប្រតិបត្តិការដ៏ក្តៅគគុកក្នុងបង្ក្រាប់ ទប់ស្កាត់ និងលប់បំបាត់ក្រុមក្មេងទំនើងដើរមិនចូលផ្ទះនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ក្រោមមានការអនុញា្ញត និងសម្របសម្រួលនិតិវិធីរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ព្រមទាំងដឹកនាំកម្លាំងចុះបង្ក្រាបដោយអធិការនគរបាលក្រុងក្រចេះ និងសមត្ថកិច្ចមូលដ្ឋានផងដែរ៕