2023-05-19 07:05
326

 

ភ្នំពេញ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ សង្កេតឃើញមានអតិថិជនដែលបានទិញដី និងផ្ទះល្វែងក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាលលេខ៦A ជាយខាងកើតរាជធានីភ្នំពេញ បានសំណែងការខកចិត្តយ៉ាងខ្លាំង ព្រោះតែក្រុមហ៊ុនរបស់អ្នកឧកញ៉ាមិនបានគោរពតាមកិច្ចសន្យា ខណៈពេលពួកគាត់បានបង់លុយគ្រប់ចំនួនអស់ហើយនោះ នៅមិនទាន់បានផ្ទះទៀត និងរកលេសគ្រប់បែបយ៉ាង។


ដោយសារសកម្មភាពរបស់គម្រោងបុរី ឡេង ណាវ៉ាត្រា ហាក់នៅទ្រឹងដំណើការយឺតយ៉ាវ និងគ្មានដំណោះស្រាយច្បាស់លាស់ជាមួយអតិថិជន ដែលបានទិញដី និងផ្ទះក្នុងគម្រោងនាំគ្នាហួសចិត្តហើយខកបំណងក៏ដាច់បង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្វែងរកដំណោះស្រាយ ឬការឆ្លើយតបជាក់ណាមួយពីភាគីក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ជាពិសេសពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់គម្រោងតែម្តង។
ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុកឈ្មោះ ម៉ារី ណែត បានសរសេរសារបង្ហោះពាក់ព័ន្ធនឹងគម្រោងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ថា «សុំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាជួយប្រាប់ផង ថ្ងណាសាងសង់ផ្ទះអោយខ្ញុំ ២ឆ្នាំជាងហើយ! ផ្ទះមិនដឹងនៅណា? បើខាងបុគ្គលិកឧកញ៉ាឆ្លើយតបនឹងខ្ញុំលេងចេញហើយលុយ ៣៥ ០០០ដុល្លារ មិនតិចទេ ខ្ចីគេផងអីផងព្រោះតែទំនុកចិត្ត និងចង់បានផ្ទះនៅឥលូវឆាតក៏លេងហ៊ានតបលេស ១០០ជំពូក ហើយកុំថាខ្ញុំ fake acc ខ្ញុំអស់ទ្រាំហើយកុំលើកកុងត្រាមកនិយាយខ្ញុំទិញផ្ទះអ្នកដើម្បីរស់នៅមិនមែនចង់បានសំណងទេ យកលុយខ្ញុំទៅណា?????? បើមិនធ្វើទេ ទិញយកវិញទៅ»។
គណនីហ្វេសប៊ុកឈ្មោះ Mei Mei បានសរសេរបញ្ចេញមតិថា «ខ្ញុំបានទិញ១ល្វែងដែរបងបង់លុយដាច់ហើយមិនទាន់ឃើញហើយផងឡើង១ឆ្នាំទៅសួរថាចេះចុះរហូត»។ ក្រៅពីនោះក៏មានអ្នកចូលខមិនជាច្រើនពាក់ព័ន្ធករណីនេះផងដែរ។
អតិថិជនរបស់គម្រោងបុរី ឡេង ណាវ៉ាត្រាដែលមានគណនីហ្វេសប៊ុកឈ្មោះ Sreydy Chea បានសរសេរថា «ទិញផ្ទះចង់បានផ្ទះ ទិញលុយសុទ្ធគ្មានជំពាក់មួយបាត អ្នកបំផ្លាញទំនុកចិត្តអតិថិជនពេកហើយ»។ 
នៅក្នុងហ្វេសប៊ុកផ្លូវការ Leng Navatra ឡេង ណាវ៉ាត្រា ដែលបានផ្សព្វអំពីគម្រោងរបស់ខ្លួននៅផ្លូវជាតិ៦A មានអតិថិជនដែលបានទិញផ្ទះក្នុងគម្រោងបានខមិនឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជួយពន្លឿនការសាងសង់ឱ្យបានឆាប់ព្រោះផុតកុងត្រា ខ្លះទៀតទិញដីមិនទាន់ទទួលបានប្លង់ផងដែរ។ ជាការឆ្លើយតបក្នុងហ្វេសប៊ុកផេកផ្លូវការរបស់អ្នកឧគញ៉ា ឡេង ណាវ៉ាត្រា បានត្រឹមឆ្លើយតបថា «បាទបងក្រុមការងារប្អូននឹងដោះស្រាយរាល់បញ្ហា ឬខាងប្អូនកំពុងពន្លឿនការសាងសង់...ជាដើម។
ពាក់ព័ន្ធករណីខាងលើនេះ សារព័ត៌មាន msjtv នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ មិនអាចស្វែងរកការទំនាក់ទំនងទំនងសុំការបកស្រាយពីតំណាងក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង វ៉ាត្រាបានឡើយ៕