2023-03-21 12:03
537

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ប្រជាពលរដ្ឋ និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានខណៈប្រទះឃើញសព ចងកនៅដីភូមិព្រៃកូនឈើ នៅខាងលិចមន្ទីរសម្រាកព្យាបាល អ៉ឹម បុត្រ ។

ការប្រទះឃើញសពកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងលិច មន្ទីរសម្រាកព្យាបាល អ៉ឹម បុត្រ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាសពមានឈ្មោះ RENDY ONDANG ភេទប្រុសជនបរទេសមាន ភិនភាគ រាងធាត់ សម្បុរស ពាក់អាវយឺតដៃខ្លី ពណ៌លឿង ស្លៀកខោខោប៊ូយជើងខ្លី ពាក់ស្បែកជើងប៉ាតា។

ប្រភពបន្តថានៅវេលាម៉ោង៨និង១០នាទីព្រឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថាមានប្រទះឃើញសាកសព នៅដីភូមិ(ព្រៃកូនឈើ)របស់ឈ្មោះ អ៉ឹង គីមហុង ភេទស្រី អាយុ៤១ឆ្នាំ ខាងលិចមន្ទីរសម្រាកព្យាបាល អ៉ឹម បុត្រ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញពិនិត្យកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់,ស្រាល និងលោកវេជ្ជបណ្ឌិត អ៊ុង សុវណ្ណឌី គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ។

ប្រភពបន្តថាដោយធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសពជនបរទេស  ឈ្មោះ RENDY ONDANG ហើយបានស្ដាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត អ៊ុង សុវណ្ណឌី គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ អាចសន្និដ្ឋានបានថា សាកសពពិតជាស្លាប់ដោយសារបែកបំពង់ខ្យល់ (ចងក)ប្រាកដមែនដោយមិនមានស្នាកស្នាមសំគាល់ជារឿងឃាដកម្មនោះទេ។

បច្ចុប្បន្ន សាកសពត្រូវបានបញ្ជូនតាមរថយន្តទៅប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុនៃនាយដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ រក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បី បន្តស្វែងរកសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕